ប្រតិភូ កាកបាទក្រហមកម្ពុជា អញ្ជើញពិនិត្យជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង និងត្រៀមរៀបចំពិធីប្រគល់-ទទួលផ្ទះវគ្គបញ្ចប់បង្គ្រប់ ៦២៨ខ្នង

ខេត្តពោធិ៍សាត់៖ នៅថ្ងៃចន្ទ ទី ៧ ខែមីនា ឆ្នាំ២០២២នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជេីញពិនិត្យមេីលវឌ្ឍនភាព ព្រមទាំងចុះសួរសុខទុក្ខកងកម្លាំង ក្រុមការងារភូមិ និងគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី ១ បានជួបសំណេះសំណាល ជាមួយកងកម្លាំង និងក្រុមការងារប្រចាំភូមិសរុបចំនួន ១២២នាក់ ដោយបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនទាំងអស់។ ទន្ទឹមនឹងនេះ លោកជំទាវ បានសម្តែងនូវក្តីរំភេីបសប្បាយរីករាយ ពេលដែលបានឃេីញការរីកចម្រេីនយ៉ាងឆាប់រហ័សនៅក្នុងភូមិ ដោយគ្រួសារនីមួយៗបានខិតខំបង្កបង្កេីនផល ដាំដំណាំផ្សេងៗ ហេីយទទួលបានផលយ៉ាងល្អប្រសេីរ ដែលអាចដោះស្រាយជីវភាពគ្រួសារបាន។

ជាមួយគ្នានេះ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងគ្រប់ផ្នែកទាំងអស់ដែលបានរួមគិត រួមធ្វេី រួមទទួលខុសត្រូវ ក្នុងការចូលរួមអភិវឌ្ឍភូមិ ដ្ឋានថ្មីនេះឱ្យមានការផ្លាស់ប្តូរប្រែមុខប្រែមាត់ សម្រេចបានការសាងសង់ផ្ទះរួចរាល់ និងឈានដល់ការប្រគល់-ទទួលជាផ្លូវការជំហានទី៣ ដែលជាវគ្គបញ្ចប់ចំនួន ៣២៨ខ្នងទៀត នៅថ្ងៃខាងមុខឆាប់ៗនេះ។

បន្ទាប់មក ក្រុមការងារបានបន្តចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនតាមខ្នងផ្ទះចំនួន ១០គ្រួសារ ផងដែរ។ ក្នុងឱកាសនោះ ក្រុមគ្រួសាររបស់បងប្អូនអតីតយុទ្ធជន មានក្តីរំភើបរីករាយឥតឧបមាដោយបានទទួលជម្រករស់នៅសមរម្យ ដីធ្លីសម្រាប់បង្កបង្កើនផលបានសមរម្យ ជាពិសេសការគិតគូររបស់ថ្នាក់ដឹកនាំ ដែលធ្វើឱ្យពួកគាត់មានភាពកាន់តែកក់ក្តៅ។ ពួកគាត់បានចាត់ទុកថា ដីធ្លី និងលំនៅដ្ឋាន ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាទ្រនំជីវិតថ្មី ដែលពួកគាត់នឹងកសាងជីវិតថ្មីឱ្យបានល្អប្រសើរ ជាមួយនឹងផែនការដាំដុះកសិផលនៅលើដីដ៏សម្បូរជីវជាតិមួយនេះ ហើយនេះជាអំណោយដ៏មានសារសំខាន់បំផុតសម្រាប់ជីវីតរបស់ពួកគាត់។ ពួកគាត់បានអះអាងថា ដី និងផ្ទះនេះ បើទោះបីជាក្រលំបាកយ៉ាងណា ក៏ផ្តាំកូនផ្តាំចៅ មិនឱ្យលក់ជាដាច់ខាត៕ ដោយ៖ សម្បត្តិ រូបភាព អត្ថបទ កាកបាទក្រហមកម្ពុជា

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner