របាយការណ៍ ៖ ប្រទេសនៅប្លុកអឺរ៉ុបមួយចំនួនចង់ពន្យារពេលលេីសមាជិកភាពសម្រាប់អ៊ុយក្រែន
ព្រុចសែល ៖ អាល្លឺម៉ង់ ហូឡង់ និងបណ្តាប្រទេសអឺរ៉ុបខាងលិចផ្សេងទៀតចង់ឱ្យគណៈកម្មការអឺរ៉ុបស៊ើបអង្កេតការត្រៀមខ្លួនរបស់អ៊ុយក្រែនសម្រាប់ការចូលជាសមាជិកសហភាពអឺរ៉ុប មុនពេលសម្រេចចិត្តលេីពាក្យស្នើសុំរបស់ទី ក្រុងកៀវ ចំពោះប្លុកនេះ។ នេះបេីតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃចន្ទ ដោយដកស្រង់សម្តីអ្នកការទូតដែលមិនបញ្ចេញឈ្មោះ។
ប្រភពដដែលបន្ថែមថា ទន្ទឹមគ្នានេះ ប្រទេសជិតខាងនៅអឺរ៉ុបខាងកើតរបស់អ៊ុយក្រែនបានជំរុញឱ្យមានការចូលរួមយ៉ាងឆាប់រហ័ស។ ទោះបីជាយ៉ាងណា អាល្លឺម៉ង់ និងហូឡង់ បាននិយាយថា ខ្លួន ចង់ផ្តោតលើការផ្តល់ជំនួយជាក់ស្តែងដល់អ៊ុយក្រែន និងបញ្ចប់សង្រ្គាម ជាជាងចាប់ផ្តើមដំណើរការសម្រេចចិត្តលេីសមាជិកភាពសម្រាប់អ៊ុយក្រែននាពេលនេះ។
អ៊ុយក្រែន បាន ដាក់ ពាក្យ ចូល ជា សមាជិក សហភាព អឺរ៉ុប កាល ពី សប្តាហ៍ មុន ដោយ លោក ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលែនស្គី បាន ស្នើ សុំចូល ជា បន្ទាន់ តាម នីតិវិធី ពិសេស ថ្មី។
ការទាមទាររបស់លោក ហ្សេលែនស្គី ត្រូវបានគាំទ្រដោយមេដឹកនាំប្រទេសប៊ុលហ្គារី សាធារណរដ្ឋឆែក អេស្តូនី ឡាតវី លីទុយអានី ប៉ូឡូញ ស្លូវ៉ាគី និងស្លូវេនី ដែលនៅក្នុងលិខិតចំហរមួយបានស្នើឱ្យស្ថាប័នអឺរ៉ុបចាត់វិធានការដើម្បីផ្តល់សិទ្ធិឱ្យអ៊ុយក្រែនជាប្រទេសបេក្ខភាពសហភាពអឺរ៉ុបជាបន្ទាន់ ហេីយចាប់ផ្តេីមបើក ដំណើរការ ចរចា៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា



