ប្រធានប្រតិភូប៉េតង់ខេត្តបាត់ដំបងប្តេជ្ញាកសាងធនធានយុវជន ក្រោយដណ្តើមបានជ័យលាភីផ្នែកយុវជន

ប្រធានប្រតិភូដឹកនាំកីឡាករ កីឡាការិនិខេត្តបាត់ដំបង លោក ប៊ុន ប៊ូរ៉ាន់ បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការទៅបន្តកសាងធនធានយុវជនឲ្យកាន់តែសម្បូរបែបប្រកដោយគុណភាពបន្ថែមទៀត ក្រោយពីក្រុមប៉េតង់ខេត្តបាត់ដំបងប្រជែងបានជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ចំនួន៣លើវិញ្ញាសាយុវជនដូចៗគ្នា នៅក្នុងការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ដោយបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។

លោក ប៊ុន ប៊ូរ៉ាន់ ប្រធានការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង និងជាអគ្គលេខាធិការ សម្ព័ន្ធប៊ូល និងប៉េតង់មន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបងបញ្ជាក់ថា លោកមានក្តីរីករាយជាខ្លាំង ដែលក្រុមប៉េតង់ខេត្តបាត់ដំបងដណ្តើមបានចំណាត់ថ្នាក់លេខ១លើវិញ្ញាសាយុវជនអាយុក្រោម១៥ឆ្នាំ ម្នាក់ទល់ម្នាក់ ដណ្តើមបានដោយកីឡាករ គឹម តេជ្ជពិទូ និងលេខ៤ ដោយកីឡាករ នូច សុខេមរៈ ខណៈផ្នែកនារី ដណ្តើមបានចំណាត់ថ្នាក់លេខ២ ដោយកីឡាការិនី អាន់ ម៉ូនីតា។

លោកបន្ថែមថា ក្រុមកីឡាប៉េតង់ខេត្តបាត់ដំបងមានចំនួន ១០នាក់ ក្នុងនោះមានកីឡាការិនី ៣នាក់ ដោយចូលរួមប្រកួតលើ៦វិញ្ញាសា ហើយប្រជែងបានជ័យលាភីចំនួន៣ លើផ្នែកយុវជនទាំងអស់។ «នៅពេលត្រឡប់ទៅខេត្តវិញ យើងខ្ញុំនឹងខិតខំបំផុសស្មារតីយុវជនឲ្យចូលរួមហ្វឹកហាត់កីឡាប៉េតង់នេះ ដើម្បីផលិតធនធានយុវជនឲ្យកាន់តែសម្បូរបែប និងឲ្យប្រកបដោយគុណភាពខ្ពស់ៗ សម្រាប់ការប្រកួតប្រជែងនាឆ្នាំក្រោយៗទៀត»។

អ្វីដែលសំខាន់បំផុត គឺការលើកទឹកចិត្តពីឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏ដូចជាលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីលើកកម្ពស់កម្រិតសមត្ថភាពរបស់កីឡាករ កីឡាការិនីយើងជាបន្តបន្ទាប់។ ជាក់ស្តែងតាមរយៈសមិទ្ធផលមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតបច្ចេកទេសកម្រិតខ្ពស់បំផុតថ្នាក់ជាតិនេះ គឺជាកម្លាំងចិត្តដ៏មុះមុត ដើម្បីបន្តខិតខំកសាងធន ធានកីឡាករ កីឡាការិនីយុវជនបន្ថែមទៀត។

លោក ប៊ុន ប៊ូរ៉ាន់ បានចាត់ទុកថា កំណែទម្រង់សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិ ដែលប្រកួតជម្រុះតាមតំបន់ចំនួន៥ ហើយសម្រិតសម្រាំងយកលេខ១ និងលេខ២មកប្រកួតថ្នាក់ជាតិនេះ គឺជាការៀបចំដ៏ល្អ ដើម្បីពង្រឹងគុណភាពកីឡាករ កីឡាការិនីឲ្យកាន់តែមានគុណភាព។ «ខ្ញុំរីករាយណាស់ និងថ្លែងអំណរគុណចំពោះឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលតែងតែយកចិត្តទុកដាក់អភិវឌ្ឍ ព្រមជាមួយនឹងការលើកទឹកចិត្តដល់បណ្តារាជធានីខេត្តនានាផងដែរ។ ខ្ញុំពេញចិត្តនឹងការខិតខំរបស់ក្រុមប៉េតង់ខេត្តបាត់ដំបង និងដណ្តើមបានលទ្ធផលល្អជូនខេត្ត នាពេលនេះ»៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner