របាយការណ៍ ៖ សហរដ្ឋអាមេរិកគ្រោងហាមឃាត់ឯកតោភាគីលើការនាំចូលប្រេងពីរុស្ស៊ី
វ៉ាស៊ីនតោន ៖ បេីតាមសេចក្តីរាយការណ៍ សេតវិមានគ្រោងនឹងហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីទាំងអស់ទៅកាន់សហរដ្ឋអាមេរិក បេីទោះបីជាចំណាត់ការនេះ នឹងមិនអាចធានាបាននូវការគាំទ្រពីសហភាពអឺរ៉ុបក៏ដោយ។ នេះបេីតាមប្រភពពីមនុស្សពីរនាក់ដែលដឹងរឿងនេះបានប្រាប់កាសែតរ៉យទ័រនៅថ្ងៃចន្ទម្សិលមិញ។
ប្រភពដដែលបន្ថែមថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងលើកយកប្រធានបទនេះមកពិភាក្សា ក្នុងអំឡុងការសន្ទនាតាមវីដេអូអនឡាញនៅថ្ងៃចន្ទម្សិលមិញ (ម៉ោងក្នុងតំបន់) ជាមួយសមភាគីបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ដោយលោកសង្ឃឹមថា នឹងទទួលបានការគាំទ្រពីពួកគេ។ មន្ត្រីជាន់ខ្ពស់អាមេរិកបានបញ្ជាក់ប្រាប់កាសែតរ៉យទ័រថា ប្រសិនបើច្បាប់ហាមប្រាមការនាំចូលពីរុស្សីត្រូវបានអនុម័តនោះ ដូច្នេះសហរដ្ឋអាមេរិកទំនងជាប្រទេសធ្វេីរឿងនេះមុនគេ។
ទន្ទឹមនេះ សភាអាមេរិកក៏កំពុងស្វែងយល់ពីលទ្ធភាពនៃការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីផងដែរ។ នេះបើយោងតាមលិខិតកាលពីថ្ងៃអាទិត្យ សប្តាហ៍ មុន ពីលោកស្រី Nancy Pelosi និងកញ្ចប់ជំនួយដ៏ធំមួយទៀត ដែលកញ្ចប់ជំនួយនេះសរុបចំនួន ១០ពាន់លានដុល្លារ ដែលត្រូវបានគេរំពឹងថា នឹងត្រូវបញ្ជូនទៅប្រទេសអ៊ុយក្រែន។
បេីតាមពាក្យចចាមអារ៉ាម នោះ សេតវិមានកំពុងរៀបចំផែនការធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជំរុញទីក្រុងរីយ៉ាដឱ្យបង្កើនផលិតកម្មប្រេង ដើម្បីបញ្ចុះតម្លៃសម្រាប់សម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន ។ នេះបេីយោងតាមសារព័ត៌មាន Axios បេីទោះបីជាមន្ត្រីសេតវិមានបានបដិសេធលេីការធ្វើដំណើរដែលត្រូវបានគ្រោងទុកនេះក៏ដោយ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា




