មូលនិធិគ្រួសារត្រកូលស្តូន អង្គការ IDE និង USAID បន្តសហការជាមួយរាជរដ្ឋាភិបាល ក្នុងការងារទឹកស្អាត និងអនាម័យ

អត្ថបទដោយ៖
Kien Sereyvuth

លោក ចន ស្តូន (John Stone) ស្ថាបនិកមូលនិធិគ្រួសារត្រកូលស្តូន (Stone Family  Foundation) បានដឹកនាំគណៈប្រតិភូមកពីអង្គការ IDE និងទីភ្នាក់ងារសហរដ្ឋអាមេ៉រិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID) ចូលជួបសម្តែងការគួសមជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹក ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៩ និងពិភាក្សាការងារស្តីពីវិស័យទឹកស្អាត និងអនាម័យតាមទីជនបទ និងតំបន់ទ្រនាប់ក្រុងក្នុងប្រទេសកម្ពុជា។

លោក ចន ស្តូន បានមានប្រសាសន៍ថា លោកធ្លាប់មកកម្ពុជាកាលពី១០ឆ្នាំមុន។ ពេលនោះ ការប្រើប្រាស់បង្គន់អនាម័យគ្របដណ្តប់តែ២០% ប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ ផ្នែកអនាម័យ នៅកម្ពុជាមានវិវត្តន៍រីកចម្រើនរហូតដល់ជាង៧០% ដែលជាការប្រែប្រួលជាវិជ្ជមានមួយ និងជាគំរូដ៏ល្អសម្រាប់ប្រទេសដ៏ទៃយកទៅរៀនសូត្រ និងអនុវត្តន៍តាម។

នេះជាលទ្ឋផលដែលកើតចេញពីកិច្ចសហការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា ពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាមួយអង្គការនានា និងដៃគូអភិវឌ្ឍន៍ផងដែរ ។ ឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំណត់ថា កម្ពុជានឹងមានបង្គន់អនាម័យប្រើប្រាស់ប្រកបដោយនិរន្តរភាពនៅឆ្នាំ២០២៥។ ដោយឡែក តំណាងអង្គការ IDE បានបញ្ជាក់ថា កន្លងមក អង្គការបានអនុវត្តន៍គម្រោងអនាម័យនៅ៧ខេត្ត នៃប្រទេសកម្ពុជា ដោយលក់បង្គន់អនាម័យបានចំនួន៣៣ម៉ឺនបង្គន់។

អង្គការ IDE ក៏នឹងមានគម្រោងថ្មីមួយទៀត គឺ “បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល” ដែលអនុវត្តន៍នៅ១៦០០ឃុំ ដោយសហការជាមួយក្រុមហ៊ុនផលិតបង្គន់ ពង្រីកទីផ្សារ ជួយជនក្រីក្រនូវប្រាក់ឧបត្ថម្ភធនដើម្បីឲ្យពួកគាត់មានលទ្ឋភាពប្រើប្រាស់បង្គន់អនាម័យ ធ្វើប្លង់បង្គន់សម្រាប់ជនពិការ។ល។ ជាមួយនោះ តំណាងអង្គការ USAID បានឲ្យដឹងថា USAID មានគម្រោងធំមួយទៀតដែលអនុវត្តន៍លើពិភពលោក ក្នុងនោះមានទាំងកម្ពុជាផងដែរ គឺ “គម្រោងចំណងអភិវឌ្ឍន៍ផលប៉ះពាល់អនាម័យ” (Development Impact Bound) ដែលនឹងត្រូវអនុវត្តន៏នៅខេត្តចំនួន៦នៅប្រទេសកម្ពុជា គឺខេត្តសៀមរាប ព្រៃវែង កណ្តាល កំពង់ធំ ស្វាយរៀង និងឧត្តរមានជ័យ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែង អំណរគុណ និងវាយតំលៃខ្ពស់ចំពោះកិច្ចសហការរបស់អង្គការ IDE , USAID និងមូលនិធិគ្រួសារត្រកូលស្តូន ជាមួយរាជរដ្ឋាភិ-បាលកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងនូវវិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា ។ ឯកឧត្តម បន្តថា នៅតាមទីជនបទមួយចំនួននៅខ្វះបង្គន់អនាម័យប្រើប្រាស់នៅឡើយ។ ដូច្នេះ រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាដើម្បីជំរុញការប្រើបង្គន់ អនាម័យនៅតាមទីជនបទ ក្នុងគោលបំណងសម្រេចឲ្យបាននូវគោលដៅប្រើប្រាស់បង្គន់អនាម័យ ១០០% នៅទូទាំងប្រទេសនៅឆ្នាំ២០២៥ ព្រោះថា សុខមាលភាពប្រជាពលរដ្ឋ មានទំនាក់ទំនងយ៉ាងជិតស្និទ្ឋជាមួយអាហារូបរត្ថម្ភ ទឹកស្អាត និងអនាម័យ និងបានជំរុញឲ្យធ្វើបង្គន់សម្រាប់ជនពិការផងដែរ។

ដូច្នេះ ការចូល រួម របស់មូលនិធិគ្រួសារត្រកូលស្តូន អង្គការ IDE និង USAID គឺពិតជាឆ្លើយតបទៅនឹងយុទ្ឋសាស្ត្រ ចតុកោណរបស់រាជរដ្ឋភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ ថាក្នុងអាណត្តិទី៦នេះ ការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងវិស័យទឹកស្អាត មានការកែសម្រួលខ្លះ ក្នុងនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលខុសត្រូវដោយផ្ទាល់លើការងារសន្តិសុខស្បៀង ដោយសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ហើយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាអនុប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលខុសត្រូវដោយផ្ទាល់លើការងារអាហារូបត្ថម្ភ ដោយសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើផ្នែកទឹកស្អាត និងអនាម័យ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner