សម្ដេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល គោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះរៀម
ភ្នំពេញ៖ នារសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ចូលរួមគោរពព្រះវិញ្ញាណ ក្ខន្ធព្រះបរមសព សម្តេចរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី ដែលតម្កល់នៅវត្តបទុមវតីរាជវរារាម ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន ទៅតាម ព្រះរាជបវេណី ។
សម្តេចរាជបុត្រីព្រះរៀមនរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សា ធម្មនុញ្ញនិងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសោយព្រះពិរាល័យ នៅថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២ និង ៣០ នាទី ថ្ងៃត្រង់ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ ។
សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ក្នុងមួយព្រះជន្មព្រះអង្គ មានគុណបំណាច់ យ៉ាងធំ ធេងចំពោះជាតិ ជាពិសេសផ្នែកសិល្បៈ វប្បធម៌ អរិយធម៌ រហូតទទូលបានព្រះគោរមងារថា «ទេពនាថ វដ្ដីឯក» ជាតួអង្គឯករបាំអប្សរាលើកតម្កើងវប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន ល្បីល្បាញ រន្ធឺទូទាំងសកល លោក។ ការបាត់បង់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុតនូវតួអង្គ ពហុជំនាញ ក្នុងវិស័យវប្បធម៌ អរិយធម៌ជាតិខ្មែរ ។
សូមរម្លឹកថា ដើម្បីជាកិច្ចចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ រាជរដ្ឋាភិបាលកម្ពុជា បាន ប្រកាស កំណត់ការកាន់មរណទុក្ខជាផ្លូវការ ពេញមួយថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០១៩ , ដោយណែនាំឱ្យ គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិ ត្រឹមពាក់ កណ្តាល នៃដងទង់ជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
ជាមួយនេះ គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ក៏ត្រូវផ្អាកការសម្តែង និង ការចាក់ផ្សាយ នូវ ទស្សនីយភាពផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០១៩ផងដែរ ។ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់ប្រសូតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ៕