អភិបាលរងខេត្តកំពត៖ កំណែទម្រង់វិស័យអប់រំកាយ និងកីឡា ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣

ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពតមានប្រសាសន៍ថា ដើម្បីឆ្លើយតបបានទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគាំទ្រកំណែទម្រង់វិស័យអប់រំកាយ និងកីឡា ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣។

នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងឱកាសបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំសិក្សា ២០២១-២០២២ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម អ៊ឹង ឆាយ បញ្ជាក់ទៀតថា សម្តេចតេជោតែងតែបានយកចិត្តទុកដាក់ និងផ្តល់ការលើកទឹកចិត្តជានិច្ចចំពោះវិស័យកីឡាជាតិ ព្រមទាំងបានផ្តល់ប្រាក់រង្វាន់ជ័យលោភីជូនដល់កីឡាករលើឆាកអន្តរជាតិ ដែលជំរុញឲ្យវិស័យកីឡា ក៏ដូចជាកីឡានៅខេត្តកំពតនេះបានរីកចម្រើនព្រមជាមួយគ្នា។ ចំពោះការប្រកួតនេះ ឯកឧត្តមបានកោតសរសើរចំពោះប្រតិភូកីឡាទាំងអស់ ដោយគោរពបាននូវគោលការណ៍ បទបញ្ជាបច្ចេកទេស និងឈរលើស្មារតីស្រឡាញ់កីឡាពិតប្រាកដ ដើម្បីទទួលលទ្ធផលបច្ចេកទេសស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពីការឈ្នះចាញ់ជារឿងសំខាន់បំផុត។

ចំពោះការខិតខំរបស់មន្ត្រីគណៈកម្មការបច្ចេកទេស ក៏ត្រូវបានឯកឧត្តមអភិបាលរងខេត្តវាយតម្លៃខ្ពស់ដូចគ្នាផងដែរ ក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតី យុត្តិធម៌ អនុវត្តបានល្អប្រសើរ តាមនិយាមបច្ចេកទេសដើម្បីឆ្លើយតបបានទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

វិស័យអប់រំកាយ និងកីឡាមានតួនាទីសំខាន់ណាស់ ក្នុងការបណ្តុះធនធានមនុស្សឲ្យមានកាយសម្បទាមាំមួន ប្រាជ្ញាភ្លឺថ្លា និងមានសីលធម៌ល្អ។ កីឡាបានក្លាយជាសេវាសុខភាពដ៏មានតម្លៃ ដូចសេវាសុខាភិបាលដែរ។ ជាមួយគ្នានេះ ឯកឧត្តម អ៊ឹង ឆាយ ក៏បានលើកទឹកចិត្តដល់ក្មួយៗជាកីឡាករ កីឡាការនី ដែលជាប់ជ័យលាភីត្រូវបន្តហ្វឹកហាត់ឲ្យបានខ្លាំងក្លា ដើម្បីត្រៀមចូលរួមការប្រកួតកីឡាសិស្សថ្នាក់ជាតិ នៅរាជធានីភ្នំពេញ ដើម្បីដណ្តើមនូវកិត្យានុភាពជូនខេត្តរបស់យើង។

«មិនតែប៉ុណ្ណោះក្មួយៗ ដែលអនុវត្តកីឡាជាប្រចាំអាចជៀសផុតពីអំពើអបាយមុខផ្សេងៗ ពីព្រោះកីឡានាំឲ្យមានវិន័យ សេចក្តីថ្លៃថ្នូរ និងកិត្តិយស។ ប្រការទាំងនេះហើយដែលនាំឲ្យក្មួយៗទាំងអស់អាចក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អទៅថ្ងៃអនាគត។ ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំសូមអំពាវនាវដល់មន្ត្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់សូមចូលរួមបំផុសចលនាកីឡាឲ្យបានទូលំទូលាយ ជាពិសេសសកម្មភាពអប់រំកាយ និងកីឡា ដើម្បីជាគោលដៅសុខភាពទាំងផ្លូវកាយ និងប្រាជ្ញាស្មារតី ពោលគឺ ប្រជាជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិត»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម អ៊ឹង ឆាយ។

លោក សូ ភារិទ្ធ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯក ទូទាំងខេត្តកំពត ប្រចាំឆ្នាំសិក្សា ២០២១-២០២២ ដែលបានដំណើរការចាប់ពីថ្ងៃទី១-៧ ខែមីនា ឆ្នាំ២០២២ ដោយមានកីឡាករ កីឡាការិនីចូលរួមសរុប ៨៦៤ នាក់ គ្រូបង្វឹកសរុប ១៨៩នាក់ មកពី៩ស្រុក-ក្រុង ប្រកួតលើ៤ប្រភេទកីឡា ដូចជាបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម។

ក្នុងនាមគណៈកម្មការរៀបចំការប្រកួត លោកអនុប្រធានមន្ទីរបានវាយតម្លៃខ្ពស់ ចំពោះកីឡាករ កីឡាការិនី ដែលបានខិតខំប្រឹងប្រែងបញ្ចេញអស់កម្លាំងកាយចិត្ត សមត្ថភាព ទេពកោសល្យបច្ចេកទេស ដែលខ្លួនមានរហូតដល់ដណ្តើមបានជោគជ័យ។ ឆ្លងកាត់ការប្រកួតជ្រើសរើសជើងឯកទូទាំងខេត្តកំពតយ៉ាងស្វិតស្វាញពេញ១សប្តាហ៍នេះ លោកអះអាងថា កីឡាករ កីឡាការិនីបានខិតខំប្រកួតដោយឈរលើស្មារតីចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព ហើយប្រកាន់ខ្ជាប់ខ្ជួននូវបទបញ្ជាបច្ចេកទេស ក្នុងការប្រកួតនេះ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner