« សន្តិភាព ជាកត្តាកំណត់នៃការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ »
(ភ្នំពេញ)៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា “សន្តិភាព ជាកត្តាកំណត់នៃការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ”។ លោកជំទាវបានថ្លែងបែបនេះ ក្នុងឱកាសអបអរសាទរខួបលើកទី១១១ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២២។
លោកជំទាវ បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ «ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា »។ ជាងនេះទៀត ការលើកកម្ពស់សិទ្ធិនិងការចូលរួមរបស់ស្រ្តីក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរនៅក្នុង «គោលនយោបាយសមភាពយេនឌ័រ» ដែលមានចែងក្នុងរបៀបវារៈនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដោយបានផ្តល់នូវតម្លៃនិងសារៈសំខាន់នៃការចូលរួមរបស់ស្រ្តីនៅគ្រប់ដំណើរការនៃកិច្ចអភិវឌ្ឍប្រទេសជាតិ ដោយបានចាត់ទុកថា «ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។
លោកជំទាវរដ្ឋលេខាធិការ បានឱ្យភ្នាក់ងារសារព័ត៌មានទូរទស្សន៍បាយ័ន (BTV) ដឹងថា ដើម្បីចូលរួមអនុវត្តគោលនយោបាយ «សមភាពយេនឌ័រ» ដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្ត្របញ្ជ្រាប និងលើកកម្ពស់យេនឌ័រក្នុងវិស័យរបស់ខ្លួនស្របតាមយន្តការជាតិ ដើម្បីជំរុញការលើកកម្ពស់សិទ្ធិ តួនាទី និងបង្កើនភាពអង់អាចដល់ស្ត្រីដែលជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួង និងស្ត្រីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍។
ជាមួយនឹងវឌ្ឍនភាពដែលមានការគិតគូរអំពីស្ត្រីតាមរយៈការដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រលើកកម្ពស់យេនឌ័រក្នុងវិស័យទេសចរណ៍ ដំណាក់កាលទី៤ ឆ្នាំ២០២០-២០២៤» ត្រូវបានរៀបចំឡើងដើម្បីជាផែនទីតម្រង់ទិសឆ្ពោះទៅគោលដៅ «សមភាពយេនឌ័រ» និងអភិវឌ្ឍធនធានស្ត្រីក្នុងវិស័យទេសចរណ៍ ដោយបានកំណត់ច្បាស់នូវចក្ខុវិស័យ បេសកកម្ម និងសកម្មភាពជាយុទ្ធសាស្ត្រ សំដៅពង្រឹងតួនាទី តម្លៃស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងភាពជាដៃគូរបស់បុរស ទាំងក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច និងការធ្វើសេចក្តីសម្រេចដើម្បីធានាបានសុខដុមនីយកម្ម សេចក្តីថ្លៃថ្នូរ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចតាមរយៈចំណេះ ជំនាញ និងបទពិសោធន៍សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។
ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១១នេះផងដែរ លោកជំទាវ ហ៊ុន ដានី ក៏បានផ្ញើសារលើកទឹកចិត្តដល់ស្ត្រីទាំងអស់ឱ្យចូលរួមកាន់តែសកម្មថែមទៀតក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិដោយ៖
ទី១-ត្រូវបន្តចូលរួមថែរក្សា ការពារសន្តិភាពជាមួយរដ្ឋាភិបាលឱ្យស្ថិតស្ថេរគង់វង្ស។ សន្តិភាពជា “អាទិភាពកំពូល” ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ទាំងសេដ្ឋកិច្ច-សង្គម និងនយោបាយ។ បើគ្មានសន្តិភាព សិទ្ធិសេរីភាព ពិសេសសិទ្ធិស្ត្រី និងសមភាពយេនឌ័រក៏មិនអាចកើតមានឡើងបានដែរ។
ទី២-ខិតខំអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ទាំងចំណេះនិងជំនាញ ដើម្បីឆ្លើយតបទៅនឹងបរិបទសកលភាវូបនីយកម្មនិងការរីកចម្រើនរបស់សង្គមជាតិ ជាពិសេសនៅពេលបច្ចុប្បន្ននេះ ជាយុគសម័យឌីជីថលដែលស្ត្រីត្រូវខិតខំស្វែងយល់បន្ថែមទៀតទៅលើបច្ចេកវិទ្យាឌីជីថល ដោយផ្តើមចេញពីអក្ខរកម្មឌីជីថល។
ទី៣-តម្កល់ឆន្ទៈឱ្យខ្ពស់ក្នុងតួនាទី ភារកិច្ចដែលទទួលខុសត្រូវ និងការបំពេញការងារ
ទី៤-ប្រកាន់ខ្ជាប់ជានិច្ចនូវសីលធម៌ គុណធម៌ ដើម្បីសុខដុមនីយកម្មសង្គម និងសេចក្តីថ្លៃថ្នូរក្នុងការងារ និងការរស់នៅ។
ទន្ទឹមនឹងនោះ លោកជំទាវក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាផ្តល់ឱកាសបន្ថែមទៀតនិងលើកទឹកចិត្តដល់ស្ត្រី បានចូលរួមនៅគ្រប់ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច និងនយោបាយ ជាពិសេសលុបបំបាត់នូវផ្នត់គំនិត និងឥរិយាបថដែលមានការរើសអើងចំពោះស្ត្រី ដែលថាស្ត្រីជាភេទទន់ខ្សោយ ស្ត្រីបង្វិលចង្រា្កនមិនជុំ មកជា «ស្ត្រីជាដៃគូដែលមិនអាចខ្វះបាននៅគ្រប់ដំណើរការអភិវឌ្ឍជាតិ»៕ ចាន់ វិចិត្រ


