សាខាកាកបាទក្រហមខេត្តកំពង់ចាម ផ្តល់ផ្ទះមនុស្សធម៌ទី៨ ដល់ស្រ្តីម៉េម៉ាយជរាគ្មានទីពឹងក្នុងថ្ងៃទិវាអន្តរជាតិនារី ៨មីនា
ខេត្តកំពង់ចាម ៖ នៅព្រឹកទី៨ ខែមីនា ឆ្នាំ២០២២ ត្រូវជាថ្ងៃអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពង់ចាម អញ្ជើញប្រគល់ផ្ទះលើកទី៨ ដែលជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមខេត្ត និងសាលាគណខេត្តផ្តល់ជូន លោកយាយ អ៊ាង មួយហ៊ាង ជាស្ត្រីមេម៉ាយជរាគ្មានទីពឹង អាយុ ៧២ឆ្នាំ រស់នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ។
គូរបញ្ជាក់ថា លោកយាយ អ៊ាង មួយហ៊ាង ជាស្ត្រីមេម៉ាយជារាគ្មានទីពឹង មានកូនប្រុសស្រី ៣នាក់ ក្នុងនេះ ២នាក់មានគ្រួសាររស់នៅបែកគ្នា ឯកូនប្រុស ១នាក់ទៀត អាយុ ៣៥ឆ្នាំ មានសតិមិនគ្រប់ រស់ក្នុងបន្ទុក ក្នុងជីវភាពយ៉ាប់យ៉ឺនបំផុត។ ប៉ុន្មានឆ្នាំមកនេះលោកយាយបានធ្លាក់ខ្លួនមានជំងឺប្រចាំកាយពុំមានលទ្ធភាពរកទទួលទានបាន ក៏ដាច់ចិត្តលក់ដីភូមិរបស់ខ្លួន ហើយចែកប្រាក់មួយចំនួនដល់កូន ២នាក់ដែលបែកនៅឆ្ងាយ ឯប្រាក់នៅសេសសល់មួយចំនួនទៀត ទុកចិញ្ចឹមកូន ១នាក់ ដែលមានសតិមិនគ្រប់ និងមើលជំងឺខ្លួនឯងផង។ អ្វីដែលគួរឱ្យអាណិតអាសូរបំផុតនោះគឺ ២នាក់ ម្តាយនិងកូន ត្រូវប្រឈមនឹងកង្វះទីជម្រក ហើយបង្ខំចិត្ត ដើរសុំស្នាក់នៅក្រោមផ្ទះអ្នកជិតខាង ឬតាមវត្តអារាមនានា។
ដោយមើលឃើញពីស្ថានភាពលំបាកនេះ ព្រះចៅអធិការវត្តស្រក បានសម្រេចផ្តល់ដីជាគរុភ័ណ្ឌវត្ត ១ប្លង់ ជូនលោកយាយ រស់នៅ តែមិនប្រគល់ឱ្យជាកម្មសិទ្ធិទេ ហើយ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ក៏បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី(ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០លានរៀល ជាថវិកាបដិភាគ របស់ ចៅអធិការវត្តទូទាំងស្រុកកំពង់សៀម និងសប្បុរសជន ជូនលោកយាយ អ៊ាង មួយហ៊ាង សម្រាប់ស្នាក់នៅតទៅ។
ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខាបានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោកយាយ អ៊ាង មួយហ៊ាង សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប , ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ ប្រអប់ , ចង្ក្រាន១, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០ម៉ឺនរៀល ។
ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួល ផ្ទះថ្មីនេះចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២០,០០០រៀល ព្រមទាំងបានផ្តល់ការឧបត្ថមដល់កម្លាំងមានសមត្ថកិច្ចដែលចូលរួមក្នុងពិធីនោះផងដែរ ៕ ដោយ ៖ លីពៅ

















