លោក ឃួង ស្រេង បានបញ្ជាឲ្យផ្អាកការដ្ឋានសំណង់នៅអគារ ៤២ជាន់ បន្ទាប់ពីមានករណីធ្លាក់ដែកចំរថយន្ដស៊េរីទំនើបមួយគ្រឿង
ភ្នំពេញ ៖ ក្រោយពីមានការផ្ទុះនូវហេតុការណ៍ ធ្លាក់យោងជណ្ដើរយន្ដមួយចេញពីអគារកម្ពស់៤២ជាន់ បណ្ដាលឲ្យ រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Mercedes-Benz S350 ខ្ទេចមួយកំណាត់ក្រោយ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញបញ្ជាឲ្យផ្អាកការដ្ឋានសំណង់នៅអគារកម្ពស់ ៤២ជាន់នេះជាបណ្តោះអាសន្ន ។
អភិបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន បានប្រាប់អ្នកសារព័ត៌មាន ថា «ក្រោយមានហេតុការណ៍នេះកើតឡើងភ្លាម លោកអភិបាលរាជធានីភ្នំពេញ នៅពេលនេះបានឲ្យផ្អាក ការដ្ឋានសំណង់នៅអគារនេះហើយ រង់ចាំការសម្រេចនៅពេលក្រោយទៀត» ហើយមន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធរ បានចុះទៅពិនិត្យមើលជាក់ស្តែងនៅកន្លែងកើតហេតុ និងនៅក្នុងអគារ ដើម្បីមានចំណាត់ការបន្តទៀត។
គួររំលឹកថា ដែកយោងជណ្ដើរយន្ដមួយធ្លាក់ចេញពីអគារកម្ពស់ ៤២ជាន់ នៅក្បែរស្ដុបពេទ្យចិន ទល់មុខវិទ្យាល័យព្រះយុគន្ធរ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវចំរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Mercedes-Benz S350 ពាក់ស្លាកលេខភ្នំពេញ2BC-7788 ខ្ទេចមួយកំណាត់ក្រោយ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជិត២រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ពិសេសអ្នកធ្វើដំណើរដែលឈប់រង់ចាំស្ដុប នៅក្បែរភ័យព្រលឹងចុងសក់។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ដដែលធ្លាក់ដែកត្រូវនេះ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ស្ដុបក៏ឈប់រង់ចាំ ជាមួយអ្នកដំណើរផ្សេងទៀត ស្រាប់តែពេលកំពុងឈប់នោះ ក៏ដែកមួយផ្ទាំងធំធ្លាក់ចេញពីអគារកម្ពស់៤២ជាន់ ចំរថយន្ដនោះផ្នែកខាងក្រោយពេញទំហឹង បណ្ដាលឲ្យការខូចខាត។ តែអ្វីដែលជាសំណាងនោះ ផ្ទាំងដែកធំមួយនេះ មិនខ្ទាតត្រូវពលរដ្ឋណាម្នាក់ ដែលនៅក្បែរនោះឡើយ ៕