រុស្ស៊ី-អ៊ុយក្រែនបញ្ចប់កិច្ចចរចាសន្តិភាពជុំទី៣ ដោយមិនមាន លទ្ធផលអ្វីគួរឱ្យកត់សម្គាល់
ម៉ូស្គូ៖ អ្នកចរចារុស្ស៊ី-អ៊ុយក្រែនបានបរាជ័យក្នុងការសម្រេច បាននូវ លទ្ធផលសំខាន់ៗ ក្នុងអំឡុងកិច្ចចរចាសន្តិភាពជុំទី ៣ របស់ពួកគេ នៅក្នុងប្រទេសបេឡារូស នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។


ជំនួយការប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ មេឌីនស្គី ដែលជាប្រធាន គណៈប្រតិភូរុស្ស៊ី បាននិយាយបន្ទាប់ពីកិច្ចប្រជុំនោះថា ការពិភាក្សា គ្នាបានបន្តលើទិដ្ឋភាពនយោបាយ និងយោធា។ ទោះជាយ៉ាងណាក៏ ដោយ វានៅតែពិបាក… វាលឿនពេកក្នុងការនិយាយអំពីអ្វីដែល វិជ្ជមាន។ លោក មេឌីនស្គី បានប្រាប់អ្នកយកព័ត៌មានថា អ្នកចរចា រុស្ស៊ីបាននាំយកឯកសារមួយចំនួនធំ រួមទាំងកិច្ចព្រមព្រៀងជាក់ លាក់ ប៉ុន្តែភាគីអ៊ុយក្រែនមិនអាចចុះហត្ថលេខាបាននៅនឹងកន្លែង ហើយយកឯកសារទាំងអស់នេះត្រឡប់ទៅផ្ទះវិញសម្រាប់ការសិក្សា។ លោកបន្ថែមទៀតថា ភាគីទាំងពីរបានដោះស្រាយបញ្ហានៃការ ជម្លៀសជនស៊ីវិល ហើយភាគីអ៊ុយក្រែនបានធានាដល់ប្រទេស រុស្ស៊ីថា ច្រករបៀងមនុស្សធម៌នឹងចាប់ផ្តើមដំណើរការនៅ ថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់)។


រីឯទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក មីខែលឡូ ផូដូលៀក បានបង្ហោះសារនៅលើ Twitter បន្ទាប់ពី ការចរចារថា មានការវិវឌ្ឍជាវិជ្ជមានមួយចំនួននៅពេលនិយាយ អំពីការធ្វើឱ្យប្រសើរឡើង នូវភស្តុភារនៃច្រករបៀងមនុស្សធម៌។ លោកបាននិយាយនៅក្នុងសារតាមវីដេអូមួយដែលបានបង្ហោះនៅលើ Twitter ថា ថ្ងៃនេះមិនមានលទ្ធផលណាដែលធ្វើឱ្យ ស្ថានភាព ប្រសើរឡើងគួរឱ្យកត់សម្គាល់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបញ្ជាក់ម្តងទៀតថា ការពិគ្រោះយោបល់នឹងបន្ត៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

