ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ជួបសំណេះសំណាល និងផ្តល់ថវិកា៦៤លានរៀលរបស់សមាគមន៍មិត្តនគរបាលជាតិ ជូនគ្រួសារនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ១២គ្រួសារដែលទទួលមរណភាព
ភ្នំពេញ៖ ថវិកា៦៤លានរៀលរបស់សមាគមន៍មិត្តនគរបាលជាតិផ្តល់ជូនគ្រួសារនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ១២គ្រួសារដែលទទួលមរណភាព ដោយរោគាពាធ និងមន្រ្តីនគរបាលមរណភាពនៅពេលបំពេញភារកិច្ច ដើម្បីយកថវិកាទាំងនោះទៅចាត់ចែងដោះស្រាយការលំបាកក្នុងជីវភាព។
ការផ្តល់ជូនថវិកាធ្វើឡើងក្នុងពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាមួយគ្រួសារនគរបាលមរណភាពទាំង១២គ្រួសារ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ក្នុងពិធីសំណេះសំណាលនោះថា លោក សូមចូលរួមរំលែកទុក្ខ និងសោកស្តាយនូវការបាត់បង់មន្រ្តីនគរបាលដែលមានស្នាដៃល្អ និងលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតជាតិ និងមាតុភូមិក្នុងនោះពួកគាត់ក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានាំប្រទេសជាតិទទួលបាននូវការអភិវឌ្ឍ សុខសន្តិភាព ស្ថិរភាព សុវត្ថិភាពសង្គម។
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ទៅកាន់គ្រួសារនគរបាលនោះទៀតថាក្នុងនាមប្រធានអង្គភាព ក៏ដូចជាក្រសួងស្ថាប័នទោះបីពួកគាត់មន្រ្តីនគរបាលបានទទួលមរណភាពទៅហើយនោះក្តី ប៉ុន្តែយើងមិនត្រូវបោះបង់ និងបំភ្លេចនូវវីរភាពអង់អាចមុះមុតរបស់ពួកគាត់ និងក្រុមគ្រួសារនោះឡើយ។
ជាពិសេសបន្តជួយលើកទឹកចិត្តផ្គត់ផ្គង់ទ្រងទ្រង់ជីវភាពគ្រួសាររបស់គាត់ដែលកំពុងរស់នៅធ្វើយ៉ាងណាឱ្យពួកគាត់មានក្តីសង្ឃឹម និងមានភាពកក់ក្តៅបន្តបំពេញភារកិច្ច ប្រកបមុខរបរចិញ្ចឹមជីវិតតទៅមុខទៀត។ ឯកឧត្តម ក៏បានលើកឡើងទៀតថា ថវិកាដែលបងប្អូនទទួលបាននូវពេលនេះជាថវិការបស់សមាគមន៍មិត្តនគរបាលជាតិក្នុងម្នាក់ទទួលបាន៦លានរៀល។
ប៉ុន្តែគ្រួសារមន្រ្តីនគរបាលដែលទទួលមរណភាព និងទទួលបានប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល២លើកបន្ថែមទៀត ដែលជាការគិតគូរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីចូលរួមដោះស្រាយជីវភាពរបស់បងប្អូន។
សូមបញ្ជាក់ថាគ្រួសារនគរបាល១២គ្រួសារដែលមកទទួលថវិកាសមាគមន៍មិត្តនគរបាលជាតិក្នុងនោះ១០គ្រួសារជាគ្រួសារមន្រ្តី ចូលនិវត្តន៍ និងមន្រ្តីនគរបាលបំពេញភារកិច្ចទទួលមរណភាព ក្នុង១គ្រួសារទទួលបាន៦លានរៀលចំណែក២គ្រួសារទៀតទទួលបាន២លានរៀលគឺជាគ្រួសារនគរបាលដែលភរិយាទទួលមរណភាព៕ធ.ដ
សំ វិច្ឆិកា