កាកបាទក្រហមកម្ពុជា សាខាខណ្ឌប្ញស្សីកែវ ទទួលទេយ្យវត្ថុ ពីព្រះចៅអធិការវត្តទួលសុវណ្ណរាម និងព្រះគ្រូសូត្រស្ដាំ ដើម្បីជួយជនរងគ្រោះតាមមូលដ្ឋាន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ជា ពិសី ប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និងលោក ស៊ូ សោគន្ធ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញជាកិត្តិយស ដឹកនាំមន្ត្រីចូលរួមក្នុងពិធីទទួលទេយ្យវត្ថុ ពីព្រះតេជគុណព្រះគ្រូ រតនៈវិសាលមុនី នួន នាថ ព្រះចៅអធិការវត្តទួលសុវណ្ណរាម និងព្រះតេជគុណព្រះគ្រូសូត្រស្ដាំ វរបញ្ញោកោសល ណូច នី ជាព្រះវិន័យធរ អនុគណខណ្ឌ ដើម្បីជួយជនងាយរងគ្រោះនៅតាមមូលដ្ឋាន។

នាឱកាសទទួល និងប្រគល់ទេយ្យវត្ថុនេះ លោក ជា ពិសី ជំនួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណព្រះគ្រូ រតនៈ វិសាលមុនី នួន នាថ ព្រះចៅអធិការវត្តទួលសុវណ្ណរាម និងព្រះតេជគុណព្រះគ្រូសូត្រស្ដាំ វរបញ្ញោកោសល ណូច នី ជាព្រះវិន័យធរ អនុគណខណ្ឌ ដោយបានផ្ដល់ជូននូវវប្បធម៌ចែករំលែក ទាំងគ្រឿងឧបភោគបរិភោគ សម្ភារផ្សេងៗ ក៏ដូចជាបច្ច័យ មកដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងគោលបំណងចូលរួមគាំទ្រ ជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះគ្រប់ប្រភេទ។

លើសពីនេះ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវរូបនេះ បានសន្យាបន្តនាំយកនូវទេយ្យវត្ថុមានជាគ្រឿងឧបភោគ បរិភោគ សម្ភារ និងបច្ច័យដែលព្រះតេជគុណ រតនៈ វិសាលមុនី នួន នាថ ព្រះចៅអធិការវត្តទួលសុវណ្ណរាម និងព្រះតេជគុណព្រះគ្រូសូត្រស្ដាំ វរបញ្ញោកោសល ណូច នី ជាព្រះវិន័យធរ អនុគណខណ្ឌ បានឧបត្ថម្ភជួយមកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីបន្តចែកជូនជួយសង្គ្រោះ ទៅដល់ប្រជាពលរដ្ឋ ងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ក្នុងការចូលរួមលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ស្របពេលប្រទេសជាតិ កំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា ចំពោះទេយ្យវត្ថុ ដែលអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវទទួលបាន ពីព្រះតេជគុណព្រះគ្រូ រតនៈ វិសាលមុនី នួន នាថ ព្រះចៅអធិការវត្តទួលសុវណ្ណរាម និងព្រះតេជគុណព្រះគ្រូសូត្រស្ដាំ វរបញ្ញោកោសល ណូច នី ជាព្រះវិន័យធរ អនុគណខណ្ឌ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះរួមមាន៖ អង្ករ ៧៥០ គីឡូក្រាម (១៥បាវ), មី ២០កេស, ត្រីខ ២៥០កំប៉ុង, ទឹកត្រី ២០យួរ, ទឹកស៊ីអ៉ីវ ២០យួរ, ទឹកសុទ្ធ ២០កេស, ស្ករស ១០០ គីឡូក្រាម, ទឹកដោះគោខាប់ ១០០ គីឡូក្រាម, ទឹកក្រូច ២០កេស, បន្លុង ០២សម្រាប់ និងបច្ច័យ ៤,០០០,០០០ រៀល៕ធ.ដ

ដោយ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner