ឯកឧត្តម សាយ សំអាល់ ៖ យុវជនជំនាន់ក្រោយត្រូវស្គាល់ខ្លួនឯង និងកំណត់គោលដៅឱ្យច្បាស់ ថាយើងចូលចិត្តអ្វី ចង់ធ្វើអ្វី ជាពិសេស គឺត្រូវជឿជាក់លើខ្លួនឯងថាអាចធ្វើបាន

តាកែវ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ យើងត្រូវស្គាល់ខ្លួនឯង និងកំណត់គោលដៅឱ្យច្បាស់ ថាយើងចូលចិត្តអ្វី ចង់ធ្វើអ្វី ជាពិសេស គឺត្រូវជឿជាក់លើខ្លួនឯងថាយើងអាចធ្វើបាន។ នេះជាការលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកបវរសនកាលឆ្នាំ២០២១-២០២២ និងប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានសន្តប៉ូល ចំនួន ១១៤នាក់ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅវិទ្យាស្ថានសន្តប៉ូល ស្រុកត្រាំកក់ ខេត្តតាកែវ ។

ឯកឧត្តម សាយ សំអាល់ បានសម្តែងនូវការអបអរសាទរដល់បងប្អូននិស្សិតដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះ ហើយក៏ជាការបើកទំព័រថ្មីក្នុងជីវិតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងនូវអនុសាសន៍មួយចំនួនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះសិស្ស និស្សិតដែលជាអ្នកជំនាន់ក្រោយទាំងអស់ រួមមាន៖ ទី១)រក្សានូវមរតកដែលបានបន្សល់ទុកពីអ្នកជំនាន់មុន ទី២)ចូលរួមពូនជ្រុំកសាងសមិទ្ធផលផ្សេងៗទៀត និងទី៣)ចូលរួមកសាងថ្នាលសម្រាប់អ្នកជំនាន់ក្រោយ។ ឯកឧត្តមបានបញ្ជាក់ថា បីចំណុចដែលបានលើកឡើងនៅពេលនេះ គឺជាចំណុចសំខាន់ណាស់ នៅក្នុងខ្សែជីវិតរបស់ប្រជាជនគ្រប់រូប ជាពិសេសប្រជាជនកម្ពុជាតែម្តង។ យើងចង់បន្សល់ទុកនូវក្តីស្រឡាញ់ឱ្យអ្នកជំនាន់ក្រោយ ។

គួរបញ្ជាក់ថា នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ និងចែកសញ្ញាបត្របរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា អក្សរសាស្រ្តអង់គ្លេស គ្រប់គ្រងទេសចរណ៍ ក្សេត្រសាស្ត្រ សង្គមកិច្ច និងបរិញ្ញាបត្ររង ផ្នែកប្រព័ន្ធកសិកម្មចម្រុះ សណ្ឋាគារ និងបដិសណ្ឋាកិច្ច នៃវិទ្យាស្ថានសន្តប៉ូល ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន លោកនាយកវិទ្យាស្ថាន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ អាណាព្យាបាល និងសិស្ស និស្សិតនៃវិទ្យាស្ថានសន្តប៉ូលជាច្រើនរូបទៀត៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner