តួកគីគំរាមជ្រើសរើសប្រទេសផ្សេងទៀត បើសិនជាជម្លោះក្នុងការទិញយន្តហោះចម្បំាង F-35 ជាមួយសហរដ្ឋអាមេ៉រិកនៅតែបន្ត
តួកគី៖ ប្រសិនបើជំហររបស់សហរដ្ឋអាមេ៉រិក ស្តីពីការប្រគល់យន្តហោះចម្បំាង F-35 មិនផ្លាស់ប្តូរទេនោះ តួកគីនឹងត្រូវបង្ខំចិត្តងាកទៅរកកន្លែងផ្សេងទៀត ដើម្បីបំពេញតម្រូវការការពារជាតិរបស់ខ្លួន នេះបើតាមប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ នៅថ្ងៃអង្គារម្សិលមិញ ។
ថ្លែងនៅចំពោះមុខសមាជិកគណបក្សរបស់លោកនៅឯសភា ប្រធានាធិបតីតួកគីរូបនេះបាននិយាយយ៉ាងដូច្នេះថា ប្រសិនបើមិនមានការចុះសម្រុងគ្នានាពេលបច្ចុប្បន្នរឿងយន្តហោះចម្បំាង F-35 នៅតែបន្ត តួកគីត្រូវតែបង្ខំចិត្តស្វែងរកកន្លែងផ្សេងទៀត ដើម្បីបំពេញតម្រូវការការពារជាតិរបស់ខ្លួន ។
សូមរំលឹកថា សហរដ្ឋអាមេ៉រិកបានសម្រេចដកតួកគីចេញពីកម្មវិធី នៃភាពជាដៃគូអភិវឌ្ឍន៍យន្តហោះចម្បាំង-បំបាំងកាយ F-35 និង ប្រកាសលែងលក់យន្តហោះនេះឲ្យតួកគីថែមទៀត ដ្បិតការបំពាក់ប្រព័ន្ធ S-400 នៅលើទឹកដីតួកគី អាចនឹងបើកឱកាសឲ្យរុស្ស៊ីលួចស៊ើបដឹងពីការណ៍សម្ងាត់ នៃបច្ចេកវិទ្យាយន្តហោះចម្បាំង F-35 របស់អាមេ៉រិក ៕ធ.ដ