អនុប្រធានសភាជាតិសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន កោតសរសើរពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និង ការរីកចម្រើនដ៏ធំធេងនៅកម្ពុជា ជាមួយ ការអភិវឌ្ឍគ្រប់វិស័យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Qasim Khan Suri អនុប្រធានសភាជាតិសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា បានជំរុញឲ្យភាគីទាំងពីរ បន្តពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកសែតនៅក្រោយជំនួបថា សម្តេចតេជោ បានចាត់ទុកវត្តមានរបស់ឯកឧត្តម និងគណប្រតិភូប៉ាគីស្ថាននៅកម្ពុជា គឺឆ្លុះបញ្ចាំងសាមគ្គី ភាព នៅក្នុងក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិក និងជាការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា និងប៉ាគីស្ថាន។

ឯកឧត្តម អនុប្រធានប៉ាគីស្ថាន បានគូសបញ្ជាក់ថា ប្រទេសទាំងពីរ ពិតជាមានកិច្ចសហប្រតិបត្តិការយូរលង់មកហើយ ដែលត្រូវពង្រឹងកិច្ចសហប្រតិបត្តិកាឲ្យបានខ្លាំងក្លាបន្ថែមទៀត។ ក្រៅពីនេះ ឯកឧត្តម ក៏ចង់ឲ្យមានកិច្ចសហប្រតិបត្តិការក្របខណ្ឌតំបន់ ពិសេសក្នុងក្របខណ្ឌអាស៊ាន ។  ឯកឧត្តម អនុប្រធានសភា ប៉ាគីស្ថាន បានកោតសរសើរពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការរីកចម្រើនដ៏ធំធេងនៅកម្ពុជា ជាមួយការអភិវឌ្ឍគ្រប់វិស័យ។ អ្វីដែល ឯកឧត្តម ចង់ឃើញ គឺមានការផ្លាស់ប្តូរទស្សនកិច្ចគ្នា នៅក្នុងក្របខណ្ឌ សភា និងសភា និងទស្សនកិច្ចថ្នាក់ដឹកនាំទៅវិញទៅមកផងដែរ ។

សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា និងប៉ាគីស្ថាន មានទំនាក់ទំនងនឹងគ្នាជាយូរមកហើយ ពិសេស ប៉ាគីស្ថាន បានទទួលស្គាល់ឯករាជ្យកម្ពុជា តាំងពីឆ្នាំ១៩៥២ ពោល គឺមុនប្រទេសកម្ពុជា ទទួលបាន ឯករាជ្យទៅទៀត ។ សម្តេចតេជោ ចង់ឲ្យភាគីទាំងពីរ ស្វែងរកមធ្យោបាយក្នុងការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការទ្វេភាគី ពិសេស កិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច វិនិយោគជាដើម ។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅមានចំនួនតិចតួចនៅឡើយ ដូច្នេះសម្តេចតេជោ ចង់ឱ្យភាគីទាំងពីរ ជំរុញឲ្យទំហំពាណិជ្ជកម្ម មានការកើនឡើងថែមទៀត។

ពាក់ព័ន្ធទៅនឹងវិស័យវប្បធម៌ និងវិស័យអប់រំវិញ សម្តេចតេជោ អរគុណចំពោះប៉ាគីស្ថាន ដែលបាន ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងមន្ត្រីកម្ពុជា ដើម្បីទទួលបានការបណ្តុះបណ្តាលនៅ ប៉ាគីស្ថាន ។ ពាក់ព័ន្ធទៅនឹងវិស័យនយោបាយ សម្តេចតេជោ បញ្ជាក់ថា កន្លងទៅនេះ កម្ពុជា បានគាំទ្រប៉ាគីស្ថាន ក្នុងការក្លាយជាប្រទេសដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន និងចង់ក្លាយជាដៃគូពេញលេញរបស់អាស៊ាននៅពេលខាងមុខនេះ ។ ជាមួយនេះ សម្តេចតេជោ ក៏បានអញ្ជើញថ្នាក់ដឹកនាំកំពូលប៉ាគីស្ថាន មកធ្វើទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចនឹងរកពេលវេលាសមស្របណាមួយ ដើម្បីទស្សនកិច្ចនៅប៉ាគីស្ថានផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner