ខេត្តបាត់ដំបង និងខេត្តចាន់បុរី(ថៃ) ជួបពិភាក្សាគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អដើម្បីប្រែក្លាយតំបន់ព្រំដែនប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងមានការអភិវឌ្ឍ
ការពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការក្នុងការទំនាក់ទំនងល្អឲ្យកាន់តែប្រសើរឡើងថែមទៀតនៅតាមបន្ទាត់ព្រំដែននៃខេត្តបាត់ដំបង
និងខេត្តចាន់បុរី(ថៃ) នូវក្នុងការប្រែក្លាយព្រំដែនឲ្យប្រកបដោយសុខសន្តិភាព ស្ថេរភាព និងធានាបាននូវសុខសុវត្ថិភាពសង្គម និងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទាំងក្នុងការផ្លាស់ប្តូរទំនិញកសិផលទៅវិញ-ទៅមក និងការធ្វើពាណិជ្ជកម្ម អាជីវកម្មផ្សេងៗ រវាង ប្រជាជន ខេត្តបាត់ដំបង-ចាន់បុរី នៃ ប្រទេសទាំង២ ឲ្យកាន់តែមានជីវភាពល្អប្រសើរឡើងថែមមួយកម្រិតទៀត។
ការលើកឡើងបែបនេះធ្វើឡើង នៅក្នុងឱកាសដែលឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដឹកនាំគណៈប្រតិភូនៃរដ្ឋបាលខេត្តបាត់ដំបងដើម្បីបំពេញបេសកកម្មការងារក្នុងរយៈពេល១ថ្ងៃ នៅខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ និងបានអញ្ជើញជួបសម្តែងការគួរសម ជាមួយឯកឧត្តម វិធូរ៉ាត់ស៊ីណាន អភិបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ដោយបានផ្តោតនូវកិច្ចពិភាក្សាការងារសំខាន់ៗមួយចំនួន រវាងខេត្តខេត្តបាត់ដំបង និងខេត្តចាន់
បុរី ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តចាន់បុរី នៃប្រទេសថៃ។
នៅក្នុងកិច្ចជំនួបពិភាក្សារវាងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបាត់ដំបង និងខេត្តចាន់បុរី នេះគឺផ្តោតសំខាន់ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អឲ្យកាន់តែប្រសើរឡើងថែមទៀត។ ភាគីនៃខេត្តទាំង២ ក៏បានគូសបញ្ជាក់ ក្នុងការរួមគ្នា ដើម្បីទប់ស្កាត់ និងលុបបំបាត់នូវរាល់បាតុភាពអសកម្មដែលកើតមាននៅតាមបន្ទាក់ព្រំដែន និងខិតខំបន្ថែមទៀតក្នុងការបង្កើន នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងការពង្រឹងនូវសុខសុវត្តិភាពនៅតាមបន្ទាត់ព្រំដែន ដូចជា៖ បញ្ហាពលករខ្មែរ ធ្វើចំណាកស្រុកដោយខុសច្បាប់ ព្រមទាំងទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសផ្សេងៗ ដូចជាការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ និងការនាំចេញនូវកសិផល ព្រមទាំងការផ្លាស់ប្តូរពាណិជកម្ម រវាង ខេត្តបាត់ដំបង និងខេត្តច័ន្ទបុរីផងដែរ។
តាមរយៈនៃកិច្ចជំនួបនេះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានស្នើសុំឲ្យអាជ្ញាធរនៃរដ្ឋបាលខេត្តចាន់បុរី និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ផ្តល់នូវបទពិសោធន៍ការចែករំលែកពាក់ព័ន្ធទៅនឹងការរៀបចំ និងសម្រេចបាននូវ” ភូមិស “។ដែលនេះគឺជាជាចំណុចវិជ្ជមានល្អដែលខេត្តបាត់ដំបង ចង់ស្វែងយល់ដកស្រង់នូវបទពិសោធន៍ដើម្បីយកទៅអនុវត្តន៍នៅតាមបណ្តាភូមិមួយចំនួនជាពិសេស បណ្តាភូមិដែលស្ថិតនៅតាមបណ្តាស្រុកជាប់ព្រំដែន។
ឯកឧត្តមអភិបាលខេត្តទាំងពីរ (ខេត្តបាត់ដំបង និងខេត្តចាន់បុរី) ក៏បានថ្លែងវាយតម្លៃខ្ពស់ពីកិច្ចប្រជុំក្នុងការពង្រឹងនូវទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការល្អរវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរនេះ គឺពិតជានាំមកនូវសុខសន្តិភាព នៅតាមបន្ទាត់ព្រំដែន និងដើម្បីរួមគ្នាការពារ នូវសុខសុវត្ថិភាព ទប់ស្កាត់ និងបង្រ្កាបនូវបទល្មើសជាក់ស្តែងឆ្លងដែនផ្សេងៗ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានសម្តែងនូវការកោតសរសើរ អាជ្ញាធរនៃរដ្ឋបាលខេត្តចាន់បុរី និងគ្រប់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធរបស់ខេត្តចាន់បុរី និងខេត្តត្រាត នៃព្រះរាជាណាចក្រថៃ ដែលកន្លងមកនេះបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ល្អ ជាមួយខេត្តជាប់ព្រំដែន នៃប្រទេសទាំង២ ដើម្បីរក្សាបាននូវសុខសន្តិភាព និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ដើម្បីបម្រើនូវផលប្រយោជន៍រួម
របស់ប្រជាជននិងប្រទេសទាំង២ដោយភាពស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក៕ធ.ដ
ដោយៈ អ៊ុក សំអាន