រថយន្តហាយឡែនឌ័របុកគូថរថយន្តបាឡែនខូចខាតយ៉ាងដំណំ រួចសងថ្លៃខូចខាត300$បញ្ចប់រឿង
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើកថយន្តហាយឡែនឌ័រមួយគ្រឿងក្នុងល្បឿនលឿន ហើយមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្តកាមរីបាឡែនខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2V-3941 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានសុីញ៉ូអែបស្តាំ ខណៈពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BA-3105 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿន ស្រាប់តែបុកគូថរថយន្តបាឡែនផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរងកាខូចខាតយ៉ាងដំណំ ចំណែករថយន្តហាយឡែនឌ័រធ្លាក់កាង និងខ្ទេចផ្នែកខាងមុខផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ តែដោយភាគីទាំងសងខាងសុំធ្វើការចរចាគ្នា ខាងភាគីរថយន្តហាយឡែនឌ័រព្រមចេញសំណងចំនួន ៣០០$ ទៅឲ្យគាគីរថយន្តកាមរីបាឡែន ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង ៕ធ.ដ