ក្រុមហ៊ុនបូមខ្សាច់ក្បែរព្រំដែនកំពុងរងការចោទប្រកាន់អនុវត្តន៍ផ្ទុយពីគោលការណ៍ និងរំខានការសំរាក ពលរដ្ឋ
កណ្ដាល៖ ការអភិវឌ្ឍរមែងមានផលប៉ះពាល់បន្តិចបន្តួចជាសមិនផុតឡើយហើយក៏មិនរារាំងដែរប៉ុន្តែសូមឱ្យយល់អំពីការលំបាករបស់រាស្ត្រ ផងកុំគិតតែពីប្រយោជន៍របស់ខ្លួនខ្លាំងពេក៖ នេះជាការអំពាវនាវរបស់ប្រជាពលរដ្ឋនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ពួកគាត់បានបន្តថា តាំងពីក្រុមហ៊ុននេះ មកបោះទីតាំងបូមខ្សាច់នៅក្នុងទន្លេបាសាក់ ខាងក្រោយលំនៅដ្ឋានរបស់ពួកគាត់មក គឺបានបង្កការរំខាន់ដល់ការរស់នៅខ្លាំងណាស់ រកដេកពួនមិនបានទេ ពោលគឺបូមទាំងយប់ទាំងថ្ងៃ ពេលខ្លះបូមរហូតដល់ម៉ោង៩-១០យប់ទើបឈប់ ហើយថ្ងៃខ្លះគេអាចចាប់ផ្តើមបូមតាំងពីម៉ោង៣-៤ ទៀបភ្លឺ ថែមទៀតផង។
ក្រុមប្រជាពលរដ្ឋដដែល បានបន្ថែមថា: ក្រៅពីនោះ គឺបូមនៅក្បែរៗមាត់ច្រាំងថែមទៀតផង ធ្វើឱ្យពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់ ខ្លាចក្រែងកើតមានការបាក់ច្រាំង ឬបាក់រលំផ្ទះសម្បែង ហើយក៏ធ្លាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដែរ ប៉ុន្តែ ហាក់គ្មានបានលទ្ធផលល្អអ្វីឡើយ ហើយក្រុមហ៊ុននោះពួកគាត់ក៏មិនដឹងថាឈ្មោះអ្វីដែរ គ្រាន់តែដឹងថា ថៅកែ ឈ្មោះ សុខ ទៀង។
ជាមួយគ្នានោះ ពួកគាត់ក៏សូមសំណូមពរដល់អាជ្ញាធរ និងមន្ត្រីជំនាញ មេត្តា ជួយត្រួតពិនិត្យផង ហើយពួកគាត់ក៏មិនប្រឆាំង និងការអភិវឌ្ឍនោះដែរ ប៉ុន្តែសូមឱ្យគិតអំពីសុខទុក្ខរបស់រាស្ត្រផង ។ ឆ្លើយតបនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ លោក ជា សារិទ្ធិ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល បានប្រាប់ភ្នាក់ងារយេីងតាមរយ:ទូរស័ព្ទថាៈ ចំពោះករណីក្រុមហ៊ុនបូមនៅពេលយប់នេះ ក្រសួងបានចុះធ្វើការត្រួតពិនិត្យម្តងរួចមកហើយ ហើយនៅក្នុងភូមិសាស្ត្រឃុំសំពៅពូន ស្រុកកោះធំ មានក្រុមហ៊ុនចំនួន២ដែលទទួលអាជ្ញាបណ្ណ័បូមខ្សាច់ពីក្រសួង បេីមានការបូមទាំងយប់បែបនេះមែន អ្នកការសែត ទៅប្ដឹងប៉ូលិសឲ្យចាប់ទៅ។
លោក រស់ គា តំណាងឱ្យក្រុមហ៊ុនខាងលើ បានឆ្លើយប្រាប់យ៉ាងខ្លីថា ក្រុមហ៊ុនរបស់លោកមិនបានធ្វើល្មើសបំរាមទេ ហើយក៏មានមន្ត្រីរបស់ក្រសួងរ៉ែ និងថាមពលនៅប្រចាំការដែរ ហើយបើចង់ច្បាស់សួរក្រសួងទៅ។ លោក សុខ សាន្ត ដែលអះអាងថា ជាមន្ត្រីតំណាងឱ្យក្រសួងរ៉ែ និងថាមពលប្រចាំការនៅតំបន់ព្រំដែនជ្រៃធំ បានប្រាប់ថា រឿងប្រជាពលរដ្ឋនរណាក៏អាចនិយាយបានដែរ ប៉ុន្តែ សំខាន់ឱ្យមានភស្តុតាងច្បាស់លាស់មក៕ធ.ដ
ដោយ ខាត់ សុខឿន