រាជរដ្ឋាភិបាលកម្ពុជា-មីយ៉ាន់ម៉ា ពិភាក្សាគ្នាធ្វើយ៉ាងណា ដើម្បីជំរុញទំហំពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការខាងវិស័យវប្បធម៌ វិស័យទេសចរណ៍ និងជំរុញឲ្យមានការហោះហើរត្រង់ឡើងវិញ រវាងប្រទេសទាំងពីរ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ តាមការបញ្ជាក់ពីឯ,ឧ ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្រោយចប់ជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯ,ឧ យូ ហេនរី វ៉ាន់ ធីអូ (U Henry Van Thio) អនុប្រធានាធិបតីមីយ៉ាន់ម៉ា នៅវិមានសន្តិភាព ក្នុងអំឡុងពេលដែលលោកអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិក ឆ្នាំ២០១៩-កម្ពុជា នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងខិតខំប្រឹងប្រែង ជំរុញឲ្យមានការហោះហើរត្រង់ឡើងវិញ រវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ សម្ដេចតេជោ បានស្វាគមន៍អនុប្រធានាធិបតី ដែលបានផ្ដល់កិត្តិយស ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិក ដែលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមិនគ្រាន់តែបង្ហាញពី សាមគ្គីជាតិក្នុងចំណោម ប្រជាជាតិអាស៉ីប៉ាស៉ីហ្វិកប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបានបង្ហាញពីផ្សារសាមគ្គីភាព រវាងមីយ៉ាន់ម៉ា និងកម្ពុជា ក្នុងទំនាក់ទំនងទ្វេភាគីថែមទៀតផង។

ឯ,ឧ អនុប្រធានាធិបតី បានឆ្លើយតបវិញ ដោយសប្បាយរីករាយ ដែលបានមកចូលរួមក្នុងវេទិកានេះ ហើយបានកោតសរសើរ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយមានសេចក្ដីរីករាយ ចំពោះចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ ព្រមទាំងបានអបអរសាទរ ចំពោះជោគជ័យនៃការប្រព្រឹត្តទៅ នៃកិច្ចប្រជុំកំពូលនេះផងដែរ។

នៅឆ្នាំក្រោយ គឺជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នា ក្នុងការធ្វើយ៉ាងណា រិះរកដើម្បីជំរុញទំហំពាណិជ្ជកម្ម ជំរុញកិច្ចសហប្រតិបត្តិការ ខាងវិស័យវប្បធម៌ វិស័យទេសចរណ៍។ ភាគីទាំងពីរ ក៏មានកិច្ចព្រមព្រៀងមួយចំនួន ហើយខិតខំអនុវត្ត ជាពិសេសជំរុញការហោះហើរត្រង់ ថ្វីត្បិតមានការហោះហើរត្រង់មានកន្លងមក ប៉ុន្តែមិនមានភ្ញៀវគ្រប់គ្រាន់ ក៏បានផ្អាកទៅវិញ។

ក្នុងវិស័យអប់រំ, សម្ដេចស្នើឲ្យជំរុញការផ្លាស់ប្តូរនិស្សិត តាមរយៈការផ្ដល់អាហារូបករណ៍ គ្នាទៅវិញទៅមក។ កន្លងមក ក្នុងការបំពេញទស្សនកិច្ច របស់លោកស្រី អុងសាន ស៊ូជី, រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាហារូបករណ៍ ដល់មីយ៉ាន់ម៉ាចំនួន១០ ហើយសូមឲ្យភាគីមីយ៉ាន់ម៉ា ពិនិត្យឆ្លើយតប ដើម្បីឲ្យមានកិច្ចព្រមព្រៀងជាមួយគ្នា លើបញ្ហានេះ។

ដោយសារនៅឆ្នាំក្រោយ មីយ៉ាន់ម៉ា នឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិក លើកទី៣, លោកអនុប្រធានាធិបតី បានអញ្ជើញសម្ដេចតេជោ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ។ ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចមានប្រសាសន៍ថា នឹងអញ្ជើញទៅចូលរួម ដើម្បីបង្ហាញពីសាមគ្គីភាពប្រជាជាតិ នៅតំបន់អាស៉ីប៉ាស៉ីហ្វិក ក៏ដូចជាចូលរួមក្នុងការកសាងសន្តិភាព សម្រាប់តំបន់ផងដែរ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner