សម្តេចពិជ័យសេនា ទៀ បាញ់៖ ការចូលចតរបស់នាវាស្វ័យការពារជប៉ុន បង្ហាញពីជាសក្ខីភាព បង្ហាញពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា ការចូលចតរបស់នាវាកងទ័ពស្វ័យការពារជប៉ុន ចំនួន ២គ្រឿង ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺបង្ហាញពីជាសក្ខីភាព បង្ហាញពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើនថែមទៀត និងជាការចូលរួមអបអរសាទរខួបលើកទី៣០ ដែលកងស្វ័យការពារជប៉ុនចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសកម្ពុជាជាលើកដំបូង។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីទទួលនាវាកងទ័ពស្វ័យការពារជប៉ុន ចំនួន២គ្រឿង ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ។
សម្តេចពិជ័យសេនា បានបន្តថា នាមក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាយ នាយរង និងពលនាវឹក កងស្វ័យការពារជើងទឹកជប៉ុន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ។ សូមអរគុណចំពោះវត្តមាន និងចំណាប់អារម្មណ៍របស់ឯកឧត្តម ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ដែលបានរំលេចពីប្រវត្តិនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជប៉ុនមកកាន់កម្ពុជាជាលើកដំបូង និងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកងយោធពលខេមរភូមិន្ទ។អរគុណចំពោះលោកមេបញ្ជាការនាវា URAGA និងនាវា HIRADO កងស្វ័យការពារជើងទឹកជប៉ុន ដែលបានបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជា និងមានឆន្ទៈប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើរឡើង និងរីកចម្រើនថែមទៀត។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៨-២០២២ កងស្វ័យការពារជើងទឹកជប៉ុន ចូលចតទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះ សីហនុចំនួន០៩លើក ដែលមាននាវាសរុបចំនួន២៤គ្រឿងទាំងលើកនេះ បានធ្វើការហ្វឹកហ្វឺនរួមគ្នាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សមត្ថភាពកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន លើវិស័យមនុស្សធម៌ សុខាភិបាល សង្គមគ្រោះមហន្តរាយ និងប្រឆាំងភេរវកម្ម។
ប្រមុខការពារជាតិបានលើកឡើងថា នាពេលបច្ចុប្បន្ន ជាមួយនឹងវិបត្តិការរីករាលដាលជំងឺកូវីដ-១៩ និងស្ថិតក្នុងស្ថានភាពនៅក្នុងតំបន់ និងសកលលោក កំពុងមានការប្រកួតប្រជែងក្នុងចំណោមប្រទេសមហាអំណាច ដើម្បីដណ្ដើមភូមិសាស្ត្រនយោបាយយោធា សេដ្ឋកិច្ច បច្ចេកវិទ្យា មានលក្ខណៈកាន់តែតានតឹង ពិសេសសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ី គឺជាពេលវេលាគ្រប់គ្រាន់ សម្រាប់ឱ្យយើងធ្វើការវាយតម្លៃដ៏ត្រឹមត្រូវមួយពីមេរៀនទាំងឡាយ នៃដំណាក់កាលប្រវត្តិសាស្ត្រ នៃ”តម្លៃសន្តិភាព” មានសន្តិភាពទើបមានការអភិវឌ្ឍន៍។ ប្រការនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសន្តិភាពជាអាទិភាពខ្ពស់បំផុតសម្រាប់ប្រទេសជាតិដោយផ្តោតការយកចិត្តទុកដាក់ក្នុងការការពារសិទ្ធិ និងជាមូលដ្ឋានជូនពលរដ្ឋគ្រប់រូប ដែលមុនគេបង្អស់គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលសេវាសុខាភិបាល ការពារ និងជំងឺកូវីដ-១៩។
រាជរដ្ឋាភិបាលកម្ពុជា នៅតែចងចាំ និងតែងតែរំឭកនៅគ្រប់វេទិកា “ប្រវត្តិសាស្ត្របានប្រាប់យើងម្តងហើយម្តង ទៀតថា ការជ្រៀតជ្រែកការប្រើប្រាស់ជម្រើសយោធាក្នុងការកំណត់ប្រព័ន្ធអភិបាលកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ។ផ្ទុយទៅវិញជម្រើសទាំងអស់នេះ បានត្រឹមនាំមកនូវការបាត់បង់ជីវិត ការឈឺចាប់ និងទុក្ខវេទនា សម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ”៕
ដោយ៖ ពលជ័យ