ពលរដ្ឋ ៣គ្រួសារ នៅឃុំពោធិ៍ទី បន្តធ្វើក្អមជាង ៣០ឆ្នាំ ដែលជាមុខរបរបន្ថែម ពីការធ្វើស្រែចំការ
ព្រៃវែង៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ ព្រៃព្រហ្ម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងចំនួន ៣គ្រួសារ ដែលនៅតែបន្តមុខរបរ ធ្វើក្អម អស់រយៈពេលជាង ៣០ឆ្នាំ បន្ទាប់ពីការធ្វើស្រែចំការរបស់ពួកគាត់ ។
លោកអ៊ំស្រី ផាត ចំណាន មានអាយុ ៤៧ឆ្នាំ បានឲ្យដឹងថា ចំពោះមុខរបរធ្វើក្អមនេះ គឺគាត់ចេះតាមឪពុកម្តាយរបស់គាត់តាំងពីនៅក្មេងរហូតមកដល់ពេលបច្ចុបន្ននេះ។
អ៊ំស្រី ក៏បានឲ្យដឹងទៀតថា កាលពីមុននៅក្នុងភូមិរបស់គាត់គឺមានអ្នកធ្វើច្រើនស្ទើរតែទាំងអស់ដោយឡែករយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលែងមានប្រជាពលរដ្ឋណា ធ្វើ នូវមុខរបរក្អមនេះទៀតនោះទេ ដោយគាត់ឃើញថា ការងារមួយនេះរៀងហត់គួរសមដោយប្រើពេល ២ ឬ ៣ថ្ងៃ ទើបបានលក់ ដូច្នេះពលរដ្ឋបានបោះបង់ចោលនូវមុខរបរនេះក៏ងាកទៅប្រកបមុខរបរផ្សេង ខ្លះទៀតមានកូនទៅធ្វើការងាររោងចក្រជាដើម ។
អ៊ំស្រី ក៏បានបន្តទៀតថា ការធ្វើក្អមនេះសម្រាប់អ៊ំស្រីគឺជាមុខរបរមួយ បន្ទាប់បន្សំជាមួយការធ្វើស្រែចម្ការរបស់គាត់ ដែលធ្វើឲ្យគាត់មានជីវភាពធូរធារ ជួយឲ្យគាត់មានថវិកាសម្រាប់ទិញម៉ូតូ ទិញសម្ភារៈផ្សេងៗ ក៏ដូចជាការធ្វើផ្ទះ និងចិញ្ចឹមជីវិតផងដែរ។ គាត់បាននិយាយថា ក្នុងមួយខែគាត់អាចធ្វើក្អមបានជិត ១ពាន់ក្អម ហើយចំពោះតម្លៃក្អមវិញគឺអាតូច ១,៥០០៛ ហើយអាធំ ២,៥០០៛ សម្រាប់បោះឲ្យម៉ូយ ប្រសិនបើមានភ្ញៀវទិញមកដល់ផ្ទះគឺគាត់លក់ ៥,០០០ រៀលក្នុងមួយក្អម។
អ៊ំស្រីបន្ថែមថា ចំពោះការធ្វើក្អមនេះគឺមានបញ្ហាខ្លះ ដោយរដូវវស្សាគឺមិនអាចធ្វើបាននោះទេ ដោយមានភ្លៀងជោគជាំពិបាកក្នុងការពូតដីឲ្យស្អិតហើយនិងពិបាកក្នុងការរកអូសនិងសំរាមយកមកដុតក្អមនោះផងដែរ ដូច្នេះក្អមគឺអាចធ្វើបានតែនៅក្នុងរយៈពេលប្រមាណជាពី ៣ទៅ ៤ខែតែប៉ុណ្ណោះក្នុងរដូវប្រាំងនេះ ៕ ដោយ ៖ នុត នាង









