ប្រមុខកងទ័ព៖ នាវាស្វ័យការពារជើងទឹកជប៉ុន ចូលចតនៅកម្ពុជា នឹងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែសកម្មថែម ទៀត
ព្រះសីហនុ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនាយ នាយរង និងពលនាវឹកនៃកងស្វ័យការពារជើងទឹកជប៉ុន នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ បានសម្ដែងនូវការជឿជាក់ថា តាមរយៈ ការបំពេញទស្សនកិច្ចចូល ចតនាវាស្វ័យការពារ ជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលនេះ ជប៉ុននឹង ជំរុញ កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត ។
នាវាស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ កាលពីថ្ងៃ១៤ មីនា ខណៈគម្រោង នៃបំពេញ ទស្សនកិច្ច នេះ នឹងបញ្ចប់នៅថ្ងៃ១៧ មីនាខាងមុខ។
សម្ដេច ទៀ បាញ់ បានថ្លែងថា នៅឆ្នាំ២០២០ និងដើមឆ្នាំ២០២២ ទោះបីស្ថិតក្នុងស្ថានភាព ការរីករាលដាលជំងឺកូរីដ-១៩ នៅបន្តមាន ក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការ រវាងកងទ័ព កម្ពុជា-ជប៉ុន នៅតែមាន ភាព រីក ចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរ គណៈប្រតិភូ ទៅវិញទៅមក រវាងកងទ័ពជើងគោក ជាមួយកងស្វ័យការពារជើង គោកជប៉ុន ការជួយគាំទ្រវិស័យរក្សាសន្តិភាព ការចូលចតនាវា ការ បណ្ដុះបណ្ដាល លើកកម្ពស់ធនធានមនុស្ស ពិសេសការ ចូលចត នាវានៃកងស្វ័យការពារជើងទឹកជប៉ុននៅ កំពង់ផែស្វយ័តក្រុង ព្រះសីហនុ នាពេលនេះ។
សម្ដេចមានជំនឿជឿជាក់ថា តាមរយៈការបំពេញទស្សនកិច្ចចូលចត នាវាស្វ័យការពារជើងទឹកជប៉ុន នាពេលនេះ ភាគីជប៉ុន នឹងជំរុញ ផែនការកិច្ច សហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន កាន់តែសកម្ម ថែម ទៀត ដូចជា៖ ការផ្លាស់ប្តូរទស្សនកិច្ច នាយទាហានវ័យក្មេង និង នាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់, បណ្តុះបណ្តាលលើក កម្ពស់ សមត្ថភាព ជូនដល់កងទ័ពជើងគោកកម្ពុជាលើការងារ មនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR), ផ្តល់វគ្គសិក្សា នាយទាហាន សកម្ម បញ្ជាការសេនាធិការវិស្វកម្ម និងសុខាភិបាល» ។
សម្ដេចពិជ័យសេនា បានបន្ដថា កងស្វ័យការពារជើងទឹកជប៉ុន នឹងបង្កើនចំនួននាវាកងទ័ពស្វ័យការពារជើងទឹកចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់តែច្រើនដើម្បីហ្វឹកហ្វឺនរួមគ្នាលើកកម្ពស់សមត្ថភាពលើជំនាញជួយសង្គ្រោះគ្រោះមហន្តរាយប្រយុទ្ធប្រឆាំងភេរវកម្ម និងវិស័យមនុស្សធម៌ ។ ភាគីជប៉ុន ពិតជានឹងបន្តជួយផ្តល់ ឧបករណ៍ សម្ភារៈ មធ្យោបាយ និងធ្វើការហ្វឹកហ្វឺនជំនាញដល់កង រក្សាសន្តិភាពកម្ពុជា ដើម្បីបំពេញបេសកកម្ម របស់អង្គការប្រជាជាតិ ទទួលបានជោគជ័យថ្មីៗថែមទៀត ។
នាឱកាសនោះដែរ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជ ទូតជប៉ុន ប្រចាំកម្ពុជា មានជំនឿដែរថា ការចូលចត នៃនាវាពេលនេះ ក៏ជាកិច្ចសហប្រតិបត្តិការ មួយដ៏សំខាន់ដែលនឹងរួមចំណែក សម្រេចបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។លើស ពី នេះទៀត ឯកឧត្តមទូត ក៏ស្ងើចសរសើរយ៉ាង ខ្លាំង ចំពោះកម្ពុជា ដែលជំនះបានអតីតកាលប្រកបដោយសោកនាដកម្ម និង បាន ចូលរួមចំណែកជួយសហគមន៍អន្តរជាតិយ៉ាងសកម្ម ហើយមាន មោទកភាព ដែលជប៉ុន បានដើរតួនាទីមួយ ក្នុងការ សម្រេចបាន នូវសន្តិភាពនៅកម្ពុជា។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៨-ឆ្នាំ២០២២ កងស្វ័យការពារជើង ទឹកជប៉ុន ចូលចតទស្សនកិច្ច នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ៩លើល ដែលមាននាវា សរុបចំនួន ២៤គ្រឿងទាំងលើកនេះ បានធ្វើការហ្វឹកហ្វឺនរួមគ្នាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សមត្ថភាពកងទ័ពជើងទឹកទាំងពីរ កម្ពុជា-ជប៉ុន លើវិស័យមនុស្សធម៌ សុខាភិបាល សង្គ្រោះគ្រោះមហន្ដរាយ និងប្រឆាំងភេរវកម្ម៕ ដោយ៖ វណ្ណលុក

























