សម្ដេចតេជោ៖ តាមប្រតិបត្តិការកន្លងទៅនេះ មិនត្រឹមតែបានជួយរក្សាសុខសន្តិភាពដល់កម្ពុជាប៉ុណ្ណោះទេតែនៅបានជួយជំរុញការអភិវឌ្ឍដល់កម្ពុជាថែមទៀត
ព្រះសីហនុ៖ សម្ដេចតេជោ បានមានប្រសាសន៍ថា តាមប្រតិបត្តិការ P K O ៣០ឆ្នាំកន្លងទៅនេះ តួនាទីរបស់ជប៉ុន នៅក្នុងឆាកអន្តរជាតិ ក្នុងការស្វែងរកសន្តិភាពកាន់តែមានការរីកចំរើនឡើង ហើយ P K O ដែលបានមកកាន់កម្ពុជាកន្លងមក មិនត្រឹមតែបានជួយរក្សាសុខសន្តិភាពដល់កម្ពុជាប៉ុណ្ណោះទេ ទេតែនៅបានជួយជំរុញការអភិវឌ្ឍនៅកម្ពុជាថែមទៀតផង។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូចនេះ នៅក្នុងជំនួបស្វាគមន៍និងពិភាក្សាការងារជាមួយឯកឧត្តម Noguchi Yasushi មេបញ្ជាការកងពលធំបោសសំអាតមីនទី១ នៃប្រទេសជប៉ុន នាល្ងាចថ្ងៃទី១៥ ខែនៅនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាខេត្តព្រះសីហនុ ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបថា ឯកឧត្តម Noguchi បានសំដែងការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលត្រូវបានធ្វើជាប្រធានអាស៊ាន ហើយក៏សូមសំដែងអំណរសាទរផងដែរចំពោះខួប ៣០ឆ្នាំ P K O។
ជាមួយនោះ ឯកឧត្តម Noguchi ក៏បានសម្ដែងនូវអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយជប៉ុន ជាពិសេស តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានបំពេញបេសកម្មនៅប្រទេសជប៉ុនកន្លងមក ។
ឯកឧត្តម Noguchi ក៏បានគោរពប្ដេជ្ញាជូនសម្ដេចតេជោ ថា ឯកឧត្តម នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណារក្សានូវសុវត្ថិភាព សន្តិភាព និងស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកសេរី និងបើកចំហរ ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានធ្វើការស្វាគមន៍ និងបានសំដែងនូវក្ដីរីករាយ ដែលនាវាជប៉ុន បានចូលចតនៅកម្ពុជា ហើយការចូលចតនេះ គឺចំខួប ៣០ឆ្នាំ របស់ P K O ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការចូលចតនេះ គឺមកឃើញនូវជំនោគជ័យ នៃប្រតិបត្តិការ P K O កាលពីរយៈពេល ៣០ឆ្នាំកន្លងទៅ ។
តាមប្រតិបត្តិការ P K O ៣០ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ បានមានប្រសាសន៍សង្កេតឃើញថា តួនាទីរបស់ជប៉ុន នៅក្នុងឆាកអន្តរជាតិ ក្នុងការស្វែងរកសន្តិភាពកាន់តែមានការរីកចំរើនឡើង ហើយ P K O ដែលបានមកកាន់កម្ពុជាកន្លងមក មិនត្រឹមតែបានជួយរក្សាសុខសន្តិភាពដល់កម្ពុជាប៉ុណ្ណោះទេ នូវបានជួយជំរុញការអភិវឌ្ឍនៅកម្ពុជាថែមទៀតផង។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជាមានមោទនភាពណាស់ ចំពោះកិច្ចប្រតិបត្តិការរបស់ P K O ហើយសម្ដេចបានលើកទឹកចិត្តសូមឲ្យបន្តកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាជំរុញតំបន់ឱ្យមានសន្តិសុខ និងសុវត្ថិភាពនិងគោរពច្បាប់ឲ្យបានត្រឹមត្រូវ ។
គួរបញ្ជាក់ថា ឯកឧត្តម Noguchi Yasushi បានដឹកនាំនាវាស្វ័យការពារជប៉ុនទាំង២គ្រឿង មានឈ្មោះទី១ URAGA – 463 មាន បណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ មានទម្ងន់ផ្ទុក ៥.៦៥០តោន និងមាននាវិកចំនួន ១២៦នាក់។ នាវាទី២ HIRADO – 305 មានបណ្ដោយ ៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅទឹក ២,៧ ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០តោន និងមាននាវិក ចំនួន ៥៤នាក់ ចូលចតនៅក្នុងកំពង់ផែខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដោយមានការស្វាគមន៍ពីរដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់។ ការចូលចតរបស់នាវាទាំង ២គ្រឿងនេះជាការដើម្បីចូលរួមក្នុងការអបអរសាទរខួបលើកទី៣០ នៃបេសកម្មរក្សាសន្ដិភាពរបស់ប្រទេសជប៉ុនផងដែរ ៕ ដោយ៖ វណ្ណលុក



