រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត នឹងដឹកនាំគណៈប្រតិភូយាងមកបំពេញ ព្រះរាជទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃស្អែកនេះ
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នឹងដឹកនាំគណៈប្រតិភូ យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ នឹង មានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បី ពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានា ក៏ ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។
ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ មកកាន់កម្ពុជា នឹងពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រពៃដែលមានស្រាប់រវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីផល ប្រយោជន៍ទៅវិញ ទៅ មក នៃប្រជាជាតិទាំងពីរ៕ ដោយ:សួង ពិសិដ្ឋ
