នាយករដ្ឋមន្រ្តីជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នាថ្ងៃទី២០-២១ ខែមីនា ខាងមុខ
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នាថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្រ្តី គីស៊ីដា ហ្វូមីអូ នឹងមានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។ សេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ។
សេចក្តីប្រកាសព័ត៌មាន បានបន្តថា ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម គីស៊ីដា ហ្វូមីអូ នឹងអញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមាន ឯករាជ្យនិងនៅមណ្ឌបព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ
«ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅមណ្ឌប របស់អតីតមន្ត្រីជប៉ុនចំនួន២រូប ដែលបានពលីជីវិតនៅក្នុងបេសកកម្មការងារ របស់អង្គការសហប្រជាជាតិនៅកម្ពុជា ផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នៅព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្ត យ៉ាងមោះមុតរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងនូវទំនាក់ ទំនងល្អប្រពៃដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្រ្ត ព្រមទាំងកិច្ច សហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញ ទៅមកនៃប្រទេសទាំងពីរ ៕ ដោយ :សួង ពិសិដ្ឋ


