សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារ ជាមួយប្រធាន អង្គការ អេស អូ អេស អន្តរជាតិ
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យលោក បណ្ឌិត DEREJE WORDDOFA ប្រធានអង្គការ អេស អូ អេស (SOS )អន្តរជាតិ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នារសៀលថ្ងៃទី១៧ ខែមីនានេះនៅ វិមាន សន្តិភាព។
សូមជម្រាបថា អង្គការ «ភូមិកុមារ SOS អន្តរជាតិ» បាន ចាប់ផ្តើមធ្វើការជាមួយកម្ពុជា កាលពីឆ្នាំ១៩៩៩។ ក្នុង រយៈពេលជាង ២០ឆ្នាំកន្លងមកនេះ អង្គការភូមិកុមារ SOS បានកសាងភូមិកុមារនៅកម្ពុជាចំនួនប្រាំពីរកន្លែង នៅតាម បណ្តា រាជធានី-ខេត្ត មានដូចជា៖ រាជធានីភ្នំពេញ ខេត្ត សៀមរាប បាត់ដំបង រតនគិរី ក្រចេះ កំពត និងខេត្តព្រៃវែង។
អង្គការមនុស្សធម៌មួយនេះ ក៏បានអនុវត្តគម្រោង មួយចំនួន ទៀតរួមមាន៖ កម្មវិធីពង្រឹងគ្រួសារតាមសហគមន៍, ការ បង្កើតផ្ទះសម្រាប់យុវជន, ការបង្កើតមត្តេយ្យសាលា និង សាលារៀន ហ័រម៉ាន ម៉ៃន័រ, ការបង្កើតមជ្ឈមណ្ឌល បណ្តុះ បណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ មជ្ឈមណ្ឌល សង្គ្រោះ បន្ទាន់ និងមជ្ឈមណ្ឌលសង្គមកិច្ច។
គម្រោងខាងលើនេះ បានផ្តល់ឱកាសការងារដល់អ្នក គ្រប់គ្រង បុគ្គលិក អ្នកម្តាយថែទាំកុមារ លោកគ្រូ អ្នកគ្រូ សរុប ៣៤៥នាក់ និងបានផ្តល់សេវាដល់កុមារ និងយុវជន កំពុងស្នាក់នៅសរុប ៧៥៥នាក់ ព្រមទាំងបានផ្តល់ឱកាស សិក្សាដល់សិស្សចំនួន ១,៤៩៦នាក់។
ក្នុងការអនុវត្តគម្រោងកន្លងមក រាជរដ្ឋាភិបាលកម្ពុជា តាម រយៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្នុងនាមជាសមាជិកភាពនៃភូមិកុមារ SOS ក៏បានផ្តល់ ភាគទានចំនួនមួយម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំផងដែរ។ សម្រាប់គម្រោងប្រតិបត្តិការរយៈពេលប្រាំឆ្នាំបន្ត នៅក្នុង ប្រទេសកម្ពុជា។ ចាប់ពីឆ្នាំ២០២០-២០២៥ អង្គការភូមិកុមារ SOS គ្រោងនឹងចំណាយថវិកាក្នុងរង្វង់ ២៥លានដុល្លារហើយ អង្គការនេះក៏មានគម្រោងបង្កើតភូមិកុមារទី៨នៅក្នុងខេត្តត្បូងឃ្មុំផងដែរ ៕ ដោយ៖ វណ្ណលុក







