កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ បានបិទបញ្ចប់ បន្ទាប់ពីបានពិភាក្សា និងអនុម័តឯកសារមួយចំនួន
ភ្នំពេញ៖ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ដោយជោគជ័យបន្ទាប់ពី បាន ពិភាក្សាផ្លាស់ប្តូរទស្សនៈ និងអនុម័តលើឯកសារមួយចំនួន។
ពិធីបិទបញ្ចប់កិច្ចប្រជុំនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ។
នៅមុនបិទកិច្ចប្រជុំ ថ្នាក់ដឹកនាំអគ្គបញ្ជាការកងទ័ពអាស៊ានទាំង ១០ ប្រទេស បានធ្វើការពិភាក្សាដោយបើកចំហ ស្មោះត្រង់ និង ប្រកបដោយផ្លែផ្កា ជាមួយនឹងការផ្លាស់ប្តូរទស្សនៈ ព័ត៌មានស្តីពី បរិយាកាសសន្តិសុខក្នុងតំបន់ ជាពិសេសក្រោមទិសស្លោក «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»។
ថ្នាក់ដឹកនាំអគ្គបញ្ជាការអាស៊ានទាំង ១០ ប្រទេសបានធ្វើការ អនុម័ត សេចក្តីថ្លែងការណ៍រួម និងផែនការសកម្មភាពការងារយោធា អាស៊ានរយៈពេលពីរឆ្នាំ(២០២២-២០២៤)។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមជាប្រធាន កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ បានវាយ តម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មពីបណ្តាអគ្គមេបញ្ជាការគ្រប់រូប ដែលធ្វើឲ្យកិច្ចប្រជុំនេះដំណើរការទៅដោយរលូន និងទទួលបាន ជោគជ័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានជំនឿយ៉ាង មុតមាំថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពអាស៊ាននឹង នៅតែ បន្តទិសដៅក្នុងការសម្រេចឲ្យបានតំបន់អាស៊ានដែលមានសន្តិភាព ស្ថិរភាព សុខសុវត្ថិភាព និងវិបុលភាព។
ប្រធានកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ បាន ធ្វើការប្រគល់ទង់ផ្ទេរតំណែងប្រធាននៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ ជូនដល់កងទ័ពឥណ្ឌូណេស៊ី ជាមួយនឹងការ ប្តេជ្ញាគាំទ្រភាពជាម្ចាស់ផ្ទះរបស់កងទ័ពឥណ្ឌូនេស៊ី ក្នុងស្មារតីបន្ត វឌ្ឍនភាព និងការកសាងកិច្ចសហប្រតិបត្តិការយោធាឲ្យកាន់ តែ ប្រសើរឡើងថែមទៀត។
ឧត្តមសេនីយ៍ឯក អេកូ ម៉ារហ្គីអ៊ីយូណូ( EKO MARGIYONO) នាយអគ្គសេនាធិការ កងទ័ពឥណ្ឌូណេស៊ី ក្នុងពេលទទួល តំណែង ជាប្រធានកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ ក៏បាន វាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩របស់កម្ពុជា ដោយសម្រេចបានលទ្ធផលគួរឲ្យ ចាប់អារម្មណ៍ និងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ តំបន់៕ ដោយ៖ ង៉ាន់ ទិត្យ









