ចិន ៖ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើរុស្ស៊ី ជាការគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក

ប៉េកាំង ៖ ប្រទេសចិនបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើរុស្ស៊ីចំពោះការវាយប្រហាររបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន នឹងមិនអាចដោះស្រាយបញ្ហាណាមួយបានឡើយ ហើយវាមានតែធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះ ខណៈទីក្រុងប៉េកាំងប្តេជ្ញាការពារខ្លួន ប្រសិនបើទីក្រុងវ៉ាស៊ីនតោនផ្តោតលើក្រុមហ៊ុនចិនដែរ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនប្រឆាំងនឹងទម្រង់នៃទណ្ឌកម្មឯកតោភាគីណាមួយ ដែលមិនមានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ។ លោកបន្តថា ទណ្ឌកម្មសេដ្ឋកិច្ចមិនត្រឹមតែបរាជ័យ ក្នុងការដោះស្រាយបញ្ហាសន្តិសុខប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់អាយុជីវិតមនុស្សធម្មតា, រំខានដល់ទីផ្សារពិភពលោក និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះកាន់តែអាក្រក់ទៅៗ។

លោក Gao Feng ក៏បានព្រមានដែរថា សកម្មភាពមិនសមហេតុផលរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងក្រុមហ៊ុនចិន នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក រួមទាំងក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិកផងដែរ។

សេចក្តីថ្លែងការណ៍របស់លោ Gao ធ្វើឡើងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក ជែក ស៊ូលីវ៉ាន (Jake Sullivan) បានព្រមានទីក្រុងប៉េកាំងថា នឹងមានផលវិបាក ប្រសិនបើចិនជួយរុស្ស៊ីជៀសផុតពីការដាក់ទណ្ឌកម្ម និងបំពេញបន្ថែមនូវវិស័យសេដ្ឋកិច្ចដែលរងគ្រោះ ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner