លោក វ្ល៉ាឌីមៀ ពូទីន ៖ រុស្ស៊ីនឹងគោរពកម្មសិទ្ធិឯកជន មិនដូចលោកខាងលិចនោះទេ
ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធថា ប្រទេសរបស់លោកមិនមានផែនការបង្កកទ្រព្យសម្បត្តិបរទេស ដើម្បីជាការឆ្លើយតបទៅនឹងការរឹបអូសយកទ្រព្យសម្បត្តិរបស់រុស្ស៊ីនៅក្រៅប្រទេសនោះទេ។
លោក ពូទីន បាននិយាយដូច្នេះថា មិនដូចប្រទេសលោកខាងលិចទេ យើងនឹងគោរពសិទ្ធិកម្មសិទ្ធិឯកជន។ ការរឹបអូសទ្រព្យសម្បត្តិនៅក្រៅប្រទេស និងអាជីវកម្មរុស្ស៊ី គឺជាមេរៀនសម្រាប់សហគ្រិនរុស្ស៊ី។ លោកបន្ថែមថា គ្មានអ្វីគួរឱ្យទុកចិត្តជាងការវិនិយោគនៅផ្ទះនោះទេ… យើងត្រូវតែយល់ថា កញ្ចប់ទណ្ឌកម្មថ្មី និងការរឹតបន្តឹងប្រឆាំងនឹងពួកយើង នឹងត្រូវអនុវត្តតាមនៅក្នុងព្រឹត្តិការណ៍ណាមួយដែលកើតឡើង។ ការអះអាងខាងលើនេះរបស់លោក ពូទីន បានកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលរុស្ស៊ី កាលពីសប្តាហ៍មុន បានស្នើឱ្យបង្កក ឬរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុនបរទេសដែលការចាកចេញពីរុស្ស៊ី ដើម្បីជាការសងសឹកទៅនឹងការរឹបអូសយកទ្រព្យសម្បត្តិរបស់រុស្ស៊ី និងប្រាក់នៅក្រៅប្រទេស។
សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តអឺរ៉ុប របស់ខ្លួន បានដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកលើរុស្ស៊ី បន្ទាប់ពីទីក្រុងម៉ូស្គូ បានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន។ ទណ្ឌកម្មបានបង្ខំឱ្យក្រុមហ៊ុនលោកខាងលិចរាប់រយបញ្ឈប់ប្រតិបត្តិការ និងការវិនិយោគក្នុងប្រទេសរុស្ស៊ី ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

