រដ្ឋមន្រ្តីក្រសួងការងារ៖ ការអប់រំវិស្វកម្ម គឺជាកូនសោបើកទ្វារ ឆ្ពោះ ទៅ រកការអភិវឌ្ឍសង្គមជាតិ
ភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបានថ្លែងថាការពង្រឹងគុណភាពអប់រំវិស្វកម្ម គឺជា បង្គោលអាទិភាពមួយ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងក្នុងពិធីបិទអង្គមហាសន្និបាតបូកសរុបលទ្ធផលការងារ រយៈពេល ៥ឆ្នាំ អាណត្តិទី២ និងផែនការអនុវត្តបន្ត អាណត្តិទី៣ ឆ្នាំ២០២២-២០២៧ របស់គណៈវិស្វករកម្ពុជា ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា ប្រធាន ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន កិត្តិយស គណៈវិស្វករកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ ទុកការ អប់រំប្រកបដោយគុណភាព គឺជាចំណុចគន្លឹះមួយដែល មិនអាចខ្វះ បាន សម្រាប់អភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសង្គមជាតិ ប្រកប ដោយនិរន្តរភាព។ កម្ពុជាត្រូវការជាចាំបាច់ក្នុងការជំរុញការ អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដើម្បីដើរឱ្យទាន់ប្រទេសជិតខាង ក្នុង តំបន់ និងបណ្ដាប្រទេសផ្សេងទៀត ក្នុងពិភពលោក។ ទស្សនៈ ទាំងនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថា ការអប់រំវិស្វកម្ម គឺជា កូនសោបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយ ជោគជ័យ ។
ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានបង្ហាញនូវមោទនភាព កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរបស់ គណៈវិស្វករ កម្ពុជា និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលបានខិតខំបំពេញ តួនាទី ភារកិច្ច របស់ខ្លួនយ៉ាងសកម្មរួមគ្នា និងពុះពារសម្រេចបាន នូវសមិទ្ធផលជាច្រើន ទាំងថ្នាក់ជាតិ និងអន្តរជាតិ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជានាពេលកន្លងមក។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរ សាទរ ចំពោះ ឯកឧត្តម សុខុម រិទ្ធីវុធ ដែលបានជាប់ឆ្នោត ជា អគ្គលេខាធិការគណៈវិស្វករកម្ពុជា អាណត្តិទី៣ ហើយក៏សូម ចូលរួមអបអរសាទរដល់អគ្គលេខាធិការរងទាំងអស់ ដែលបាន ទទួលការបោះឆ្នោតគាំទ្រសម្រាប់អាណត្តិទី៣ នេះ។
ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា កន្លងមកយើងឃើញថា គណៈ វិស្វករកម្ពុជាពិតជាបានចូលរួមចំណែកក្នុងការខិតខំសម្រេចបានតាមបេសកកម្មជាច្រើន ដែលការអភិវឌ្ឍធនធានវិស្វកម្ម គឺជាកម្លាំង ចលករមួយដ៏ខ្លាំងក្លាបំផុតមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍ សង្គមជាតិ មួយឱ្យមានការរីកចម្រើនគ្រប់វិស័យ។
ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកថា៖ “ក្រោយថ្ងៃរំដោះ ៧មករា ធនធាន មនុស្សរបស់យើងនៅសល់តិចតួចណាស់ ដែលរស់រានមានជីវិតរួច ផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសធនធានមនុស្ស ដែលជាវិស្វករនេះតែម្តង ត្រូវបានខ្មែរក្រហមសំលាប់ចោល ស្ទើរអស់ ។ រាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាងក្នុងការកសាង ធនធាន មនុស្សទាំងនៅក្នុងស្រុក និងបញ្ជូនទៅសិក្សានៅបរទេស ដែលជា លទ្ធផលយើងឃើញថា ធនធានមនុស្សផ្នែកវិស្វកម្មយើងបាន កើន ឡើង ទាំងបរិមាណនឹងគុណភាពគួរជាទីមោទនៈ។ ជាក់ស្តែងក្នុង ឆ្នាំ២០២១ កន្លងទៅនេះ គណវិស្វករកម្ពុជាទទួលបានការចុះ បញ្ជី វិស្វករ ៧៤៧នាក់ ។បើគិតមកទល់បច្ចុប្បន្នមានវិស្វករចុះបញ្ជី សរុប ចំនួន ៦ ០០៨នាក់ (ស្រី ២៤០នាក់) ក្នុងនោះ វិស្វករជាតិចំនួន ៥ ៩២៤នាក់ (ស្រី ២៣៨នាក់) និងវិស្វករបរទេសចំនួន ៨៤នាក់ (ស្រី ២នាក់)”៕ដោយ៖ម៉ាដេប៉ូ






