ក្នុងបរិការណ៍សន្តិភាពពេញលេញ ឯកភាពជាតិ និងស្ថិរភាព នយោបាយ សេដ្ឋកិច្ចកម្ពុជា កំពុងបន្តទទួលបាននូវការរីកចម្រើនលើគ្រប់វិស័យ

សៀមរាប៖ ស្ថិតក្នុងបរិការណ៍សន្តិភាពពេញលេញ ឯកភាពជាតិ និងស្ថិរភាព នយោបាយ សេដ្ឋកិច្ចកម្ពុជា កំពុងបន្តទទួលបាននូវការរីកចំរើនលើគ្រប់វិស័យ នឹងបានឈានដល់ដំណាក់កាលនៃការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម ព្រមទាំងកំពុងឈានទៅសម្រេចបានជាប្រទេសដែលមានកម្រិតចំណូលមធ្យម នាពេលដ៏ខ្លីខាងមុខ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានថ្លែងបែបនេះ នៅក្នុងអង្គសិក្ខាសាលាស្តីពី ការបង្កើតផែនការសកម្មភាពឆ្នាំ២០២២-២០២៣ នៃគណៈកម្មការខេត្តសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប។

លោក នាក់ ណេរ៉ុន បានបង្ហាញថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជាឆ្នាំ ២០១៥-២០២៥ ដែលមានចក្ខុវិស័យជំរុញកែប្រែ នឹងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមត្រូវឆ្នាំ២០២៥ សំដៅផ្លាស់ប្តូរពីឧស្សាហកម្មដែលមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារផងដែរ។

ឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង (គ.អ.ម.ក) បានលើកឡើងថា លេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្របសម្រួលឱ្យរដ្ឋបាលរាជធានី ខេត្ត បង្កើតគណៈកម្មការរាជធានី ខេត្ត សម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ដើម្បីឲ្យស្របទៅតាមយន្តការណ៍នៃការអនុវត្តគោលនយោបាយនេះ។ អាស្រ័យដោយគោលនយោបាយជាតិស្តីពីមុខរបរ និងការងារនេះ គឺជាគោលនយោបាយជាតិ ការអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាពទាមទារនូវកិច្ចសហការដោយមានការសម្របសម្រួលដ៏ទន់ភ្លន់រវាងវិស័យនានាជាប់ទាក់ទងទៅនឹងវិស័យមុខរបរនិងការងារ។ មានន័យថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើរតួតែម្នាក់ឯង ពិតជាមិនអាចទទួលរ៉ាប់រងអនុវត្តឱ្យទទួលបានជោគជ័យឡើយ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ដូចយើងបានកំណត់នៅក្នុងតារាងម៉ាទ្រិក ដែលជាឧបសម្ព័ន្ធនៃគោលនយោបាយនេះ មានក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធថ្នាក់ជាតិជាច្រើន ដែលត្រូវចូលរួមអនុវត្តអំពីករណីបែបនេះ ក៏តម្រូវឱ្យមាននៅថ្នាក់ក្រោមជាតិ ឬថ្នាក់ខេត្ត ដូចគ្នានេះដែរ។ ជាការពិតណាស់ មានសកម្មភាពមួយចំនួននៅក្នុងគោលនយោបាយនេះ កំពុងតែត្រូវបានអនុវត្តស្រាប់ ដោយក្រសួង ស្ថាប័ន និងអង្គភាពនានា តាមរយៈនៃការអនុវត្តផែនការយុទ្ធសាស្ត្រ និងបេសកកម្មរបស់សាមី អង្គភាពនីមួយៗ ព្រោះថាសកម្មភាពដែលត្រូវអនុវត្តនោះវាពិតជាមិនមែន ឬក៏មិនអាចដាច់ចេញពី សកម្មភាពដែលមាននៅក្នុងផែនការនៃសាមីអង្គភាពនីមួយៗនោះទេ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner