ក្រសួងមហាផ្ទៃប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួង មហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ (គ.ជ .អ .ប) បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យ អនុវត្ត ជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ។៊ក្នុងពិធីនេះក៏ មានការអញ្ជើញ ចូល រួមពី ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការ ក្រសួងស្ថាប័ន្ថពាក់ព័ន្ធ អភិបាលរាជធានី-ខេត្ត មន្ត្រី បច្ចេកទេស និងមន្ត្រីជំនាញប្រមាណ៣០០នាក់ និងអ្នក ចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom) ប្រមាណ ៧.០០០នាក់។
ពិធីប្រកាសផ្សព្វផ្សាយនេះមានគោលបំណងដើម្បីបង្ហាញអំពីសមិទ្ធផលនិងបញ្ហាប្រឈមនៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការក្នុងអំឡុងពេលនៃការអនុវត្តកម្មវិធី ជាតិសម្រាប់ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ (២០១០ -២០២០) ព្រមទាំង ផ្សព្វផ្សាយ អំពីចក្ខុវិស័យ គោលបំណង គោលដៅ សមិទ្ធផល រំពឹងទុក និងបេសកកម្មនៃកម្មវិធីជាតិ ដំណាក់កាលទី២ (២០២១-២០៣០)។
ក្នុងឱកាសនេះ សម្តេចក្រឡាហោម ស ខេង បាន រំលឹកឡើង វិញអំពីមូលហេតុសំខាន់ៗ និងកិច្ចដំណើរការនៃ ការអនុវត្ត កំណែទម្រង់វិជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា ដោយសម្តេចបញ្ជាក់ថា ជាទូទៅ វិមជ្ឈការ និង វិសហមជ្ឈការ ត្រូវបានគេចាត់ទុកថាគឺជាយុទ្ធសាស្ត្រ ឬជាគោលនយោបាយ សាធារណៈមួយដ៏មានប្រជាប្រិយភាព និងមានប្រសិទ្ធភាព ខ្ពស់ ក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ និងអភិបាលកិច្ចក្នុង ការគ្រប់គ្រង ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានឆ្លើយ តប យ៉ាងមានប្រសិទ្ធភាព និងឆាប់រហ័សទៅនឹងសំណើ សំណូម ពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។
វិមជ្ឈការ និងវិសហមជ្ឈការត្រូវបានយកទៅអនុវត្តនៅក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ឬរដ្ឋបាលមូលដ្ឋាន នៅ តាម បណ្ដា ប្រទេសជាច្រើនលើពិភពលោក មិនថាប្រទេស នោះ ជា ប្រទេសតូច ឬប្រទេសធំ ជារដ្ឋទោល ឬជារដ្ឋសហព័ន្ធ ឬជាប្រទេសដែលកាន់របបនយោបាយបែបណានោះឡើយ ។ ប្រទេសនីមួយៗអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ ដោយ មាន មូលដ្ឋានផ្សេងៗគ្នា និងផ្អែកទៅតាមកត្តានយោបាយ ភូមិសាស្ត្រ ប្រជារាស្ត្រ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី និង លក្ខណៈពិសេសផ្សេងៗទៀត។
សម្តេចក្រឡាហោម ស ខេង បានបង្ហាញ សង្ឃឹមយ៉ាង មុតមាំ ថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា នៃរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធនានា ត្រូវបន្តរួមគ្នាឱ្យ កាន់តែសកម្ម ប្រកបដោយផ្លែផ្កាថែមទៀតទៅតាមតួនាទី ការទទួលខុសត្រូវ និងតាមវិស័យពាក់ព័ន្ធនានា ក្នុងការជំរុញ ការអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី២នេះឱ្យសម្រេច បាន ជោគ ជ័យតាមផែនការដែលគ្រោងទុក។
សូមបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ កំណែ ទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ក្នុងរយៈពេល១០ឆ្នាំខាងមុខ (ឆ្នាំ២០២១-២០៣០) គឺ “ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ ពី ការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់ ក្រោមជាតិ ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ដែលរួមចំណែក សម្រេចឱ្យបាននូវគោលបំណងដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងប្រែក្លាយប្រទេសកម្ពុជាឱ្យទៅ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០”៕
ដោយ៖រ៉ាវុធ






