វៀតណាម ចាប់អារម្មណ៍ការរីកចម្រើន ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរបស់កម្ពុជា មុនស៊ីហ្គេម២០២៣ ចូលមកដល់

ភ្នំពេញ៖ ម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ វៀតណាម បានសម្ដែងការចាប់អារម្មណ៍នូវការរីកចម្រើនរបស់កម្ពុជា ក្នុងការត្រៀមខ្លូនរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ការលើកឡើងបែបនេះ គឺចំពេលដែលកម្ពុជា ចូលរួមកិច្ចប្រជុំនាយបេសកកម្ម ១១ប្រទេសនៃអាស៊ីអាគ្នេយ៍ ត្រៀមការប្រកួតស៊ីហ្គេម លើកទី៣១ ដែលរៀបចំឡើងនៅទីក្រុងហាណូយ និងបានធ្វើទស្សនកិច្ចត្រួតពិនិត្យកីឡដ្ឋាន និងទីលានប្រកួត ហើយត្រូវបានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ទទួលបន្ទុកជានាយបេសកកម្មស៊ីហ្គេម មានប្រសាសន៍បញ្ជាក់ក្រោយត្រលប់មកដល់មាតុប្រទេសវិញ នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា៖ «អ្វីដែលវៀតណាម ចាប់អារម្មណ៍ជាងគេ គឺការរីកចម្រើននៅក្នុងការរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ឃើញថាកម្ពុជារៀបចំបានល្អ ហើយលឿនជាងវៀតណាម ដែលគេកំពុងរៀបចំទៅទៀត ព្រោះវៀតណាមមកដល់ពេលនេះ គឺទីលានប្រកួតមួយចំនួនមិនទាន់រួចរាល់នៅឡើយទេ ដោយកំពុងតែដំណើរការនៅក្នុងការតុបតែង និងធ្វើការរៀបចំនៅឡើយ។ ប៉ុន្តែដោយសារធនធានគេច្រើន គេមានអ្នកជំនាញច្រើន អ៊ីចឹងគេបានប្តេជ្ញាថា នឹងធ្វើឲ្យទាន់ពេលប្រកួតស៊ីហ្គេម»។

ឯកឧត្តមអគ្គលេខាធិការ ក៏បានបន្ថែមផងដែរថា ភាគីវៀតណាម និងកម្ពុជា ក៏មានការផ្លាស់ប្ដូរយោបល់ និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក ពាក់ព័ន្ធនិងទីលានប្រកួត ក្នុងគ្រាដែលកំពុងចូលរួមទស្សនកិច្ចនៅតាមទីលានប្រកួតនានា ក៏ដូចជាកីឡដ្ឋានត្រៀមរៀបចំពិធីបើក-បិទ។

«យើងបានទៅទស្សនានៅទីលានប្រកួតមួយចំនួននៅទីក្រុងហាណូយ ហើយក៏យើងបានធ្វើការពិភាក្សាផ្ទាល់ ជាមួយម្ចាស់ទីលាននីមួយៗដើម្បីការដកស្រង់បទពិសោធន៍ជាមួយគាត់ ថាតើគាត់ត្រៀមអ្វីខ្លះ នៅក្នុងទីលានមួយៗសម្រាប់ការរៀបចំរបស់គាត់»។ ប្រសាសន៍ ឯកឧត្តម វ៉ាត់ ចំរើន។

គួររំឭកថា ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC គឺបានបញ្ជូនប្រតិភូ១ក្រុម ដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន ចូលរួមប្រជុំនាយបេសកកម្ម នៅទីក្រុងហាណូយ ហើយធ្វើការស្រាវជ្រាវ និងផ្លាស់ប្ដូរយោបល់ ពិសេសក្រេបយកបទពិសោធន៍ល្អៗ សម្រាប់ត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕
ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner