រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជាអញ្ជើញចុះហត្ថលេខាលើគម្រោងស្ដីពី “ផែនការគោលសម្រាប់ភាសាបារាំង”
ភ្នំពេញ ៖ កិច្ចពិភាក្សាទ្វេភាគី និងពិធីចុះហត្ថលេខាលើគម្រោងស្ដីពី “ផែនការគោលសម្រាប់ភាសាបារាំង” ត្រូវបានរៀបចំឡើង ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ប៉ឺឡេ ហ្សាក់ (PELLET Jacques) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ដោយយល់ឃើញពីសារសំខាន់នៃការអភិវឌ្ឍគោលនយោបាយភាសាបរទេសប្រកបដោយគុណភាពនៅបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា គម្រោងស្ដីពី “ផែនការគោលសម្រាប់ភាសាបារាំង” ត្រូវបានរៀបចំឡើងសម្រាប់អនុវត្តរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ ឆ្នាំ២០២៥ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការទាំងបរិមាណ និងគុណភាពស្របតាមកំណែទម្រង់ក្នុងវិស័យអប់រំ។
ដើម្បីធានាការបង្កើត និងការតាមដានផែនការគោលសម្រាប់ភាសាបារាំង ក្រុមការងារទទួលបន្ទុកភាសាបារាំងមួយត្រូវបានបង្កើតឡើងដោយស្ថិតក្រោមការតែងតាំង និងការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានសមាសភាពគណៈកម្មាធិការដឹកនាំ និងគណៈកម្មាធិការប្រតិបត្តិ។ លើសពីនេះ ស្ថាប័នហ្វ្រង់កូហ្វូនីមួយចំនួនទៀត ក៏មានទំនាក់ទំនង និងមានការចូលរួមជាមួយផែនការទូទៅសម្រាប់ភាសាបារាំង (ផ.គ.ប) ផងដែរ ៕ ដោយ-រ៉ាវុធ






