លោក ពូទីន រិះគន់ការស្រាវជ្រាវជីវសាស្រ្តយោធារបស់អាមេរិក នៅ អ៊ុយក្រែន

ម៉ូស្គូ៖ វិមានក្រឹមឡាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រធានា ធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា ប្រទេស របស់លោកមិនអាចទទួលយកបានឡើយ នូវសកម្មភាពយោធា-ជីវសាស្ត្ររបស់សហរដ្ឋអាមេរិកនៅអ៊ុយក្រែន។

បើតាមវិមានក្រឹមឡាំង នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយ នាយក រដ្ឋមន្រ្តីលុចសំបួលោក ហ្សាវីយើ ប៊េតថែល លោក ពូទីន បាន និយាយ ដូច្នេះថា សកម្មភាពបែបនេះបង្កគ្រោះថ្នាក់ដ៏ធំដល់រុស្ស៊ី និងអឺរ៉ុបទាំងមូល។ ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានស្នើឱ្យទីក្រុងវ៉ាស៊ីនតោនផ្តល់ព័ត៌មានទាំងអស់ អំពីសកម្មភាព នៃ មន្ទីរពិសោធន៍ជីវសាស្ត្រ ដែលមានជាប់ពាក់ព័ន្ធនឹងសហរដ្ឋ អាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន។

ដោយឡែក កាលពីសប្តាហ៍មុន អនុរដ្ឋលេខាធិការអាមេរិក ទទួល បន្ទុកកិច្ចការនយោបាយលោកស្រី Victoria Nuland បានផ្តល់ សក្ខីកម្មនៅចំពោះមុខសវនាការគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាស្តីពីអ៊ុយក្រែន ដោយបានសារភាពថា អ៊ុយក្រែនមាន កន្លែងស្រាវជ្រាវជីវសាស្រ្តប្រាកដមែន។

យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលលុចសំបួរ លោក ប៊េតថែល បាននិយាយដូច្នេះថា យើងត្រូវតែ បញ្ចប់ជម្លោះ ហើយគ្មាននរណាម្នាក់ទទួលផលប្រយោជន៍ពី ការប៉ះ ទង្គិចគ្នាទាំងនេះទេ មិនមែនរុស្ស៊ី មិនមែនអឺរ៉ុប ហើយក៏មិនមែន អ៊ុយក្រែន នោះដែរ។

សេចក្តីថ្លែងការណ៍បន្ថែមថា លោក ប៊េតថែល បានប្រាប់លោក ពូទីន អំពីទំនាក់ទំនងជាមួយមេដឹកនាំអ៊ុយក្រែន និងប្រទេស ដទៃ ទៀត ហើយលោក ពូទីន បានគូសបញ្ជាក់ពីការវាយតម្លៃរបស់ គាត់ចំពោះ កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែន៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner