ព្រឹត្តិការណ៍ថ្ងៃរះ ចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត

សៀមរាប៖ អ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ឲ្យដឹងថា ព្រឹត្តិការណ៍ព្រះអាទិត្យរះ នៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តដែលគេអាចមើលឃើញច្បាស់ ពីគុកតារាជ បានឡើងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ឲ្យដឹងថា សម្រាប់ឆ្នាំ២០២២ ថ្ងៃរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នៃសមរាត្រីខែមីនានេះ នឹងត្រូវចំថ្ងៃទី២១ ខែមីនា ចាប់ពីម៉ោង ៦និង៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ ។ អ្នកបុរាណ វិទូដដែលបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២២ នេះអាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត ។

អ្នកជំនាញពន្យល់ថា សមរាត្រី គឺជាពេលវេលារវាងពេលថ្ងៃ និងពេលយប់ ឲ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃ វែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក ។ ក៏ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេស របស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិ ឲ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនេះឡើង ។

ក្នុងព្រឹត្តិការណ៍ ថ្ងៃរះចំកំពូលនៃប្រាសាទ នាព្រឹកថ្ងៃទី ២១ មីនា ឆ្នំា២០២២ យើងសង្កេតឃើញមានភ្ញៀវជាតិ អន្តរជាតិ បានអញ្ជើញទៅទស្សនា និងផ្តឹតយករូបភាព នៃព្រឹត្តិការណ៍ នេះប្រមាណជាង១ម៉ឺនអង្គ/នាក់ ក្នុងនោះក៏មានព្រះសង្ឃបាននិមន្តទៅធ្វើពិធីប្រោះព្រហ្ម សុំនូវសេចក្តីសុខ និងសុំឲ្យប្រទេសកម្ពុជាយើង ជួបនូវតែសុខសន្តិភាពជារៀងរហូតទៅអនាគត ។ ក្នុងព្រឹត្តិការណ៍ថ្ងៃរះនេះ ក៏បានធ្វើឲ្យភ្ញៀវជាតិ អន្តរជាតិ មានការខកបំណងរបស់ខ្លួន ដោយសារតែអាកាសធាតុមិនអំណោយផល ធ្វើឲ្យថ្ងៃរះបិទបាំងដោយផ្ទាំងពពក ដែលធ្វើឲ្យយើងគ្រប់គ្នាមើលមិនឃើញបានច្បាស់ ដូលពេលមុនៗ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner