រថយន្តដឹកខ្សាច់ធុនធំបេីកបុក កិន ម៉ូតូមួយគ្រឿង បណ្ដាលឲ្យមនុស្សប្រុសស្រី ២នាក់ ស្លាប់ និង របួសធ្ងន់ ខណៈមេឃកំពុងភ្លៀង ខ្លាំង
ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរារណ៍ដ៏រន្ធត់មួយបានកេីតឡេីងរវាងរថយន្តដឹកខ្សាច់ធុនធំ មួយគ្រឿងបានបេីកបុក និងកិនម៉ូតូមួយគ្រឿងអូសជាច្រេីនម៉ែត្រ បណ្ដាលឲ្យមនុស្សប្រុសស្រី ២នាក់ រងរបួសធ្ងន់ ធ្ងរ រហូតបញ្ចូនទៅដល់មន្ទីរពេទ្យ អកុសលមាននារីម្នាក់បាន ស្លាប់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២២ ស្ថិតនៅចំណុចភ្លើងស្តុបវត្តចាក់អង្រែក្រោម តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែ លេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នារីរងគ្រោះឈ្មោះ ភឿន ស្រីនី អាយុ ១៨ឆ្នាំ មុខរបរធ្វេីការនៅហាង អ៊ិនធឺណិត ស្នាក់នៅផ្ទះជួល ក្បែរផ្ទះប្រធានភូមិ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ស្លាប់) ។ យុវជន ជាអ្នកបេីកបរម៉ូតូឈ្មោះ អ៊ូ សុវណ្ណមករា អាយុ ១៨ឆ្នាំ មានទីលំនៅជាប់ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ (រងរបួសមួយចំហៀងខ្លួន ធ្ងន់ធ្ងរ) ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅពេលកេីតហេតុ គឺមេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំង ខណៈពេលនោះមានមនុស្សប្រុសស្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI Nek ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HD-1500 បានឌុបគ្នាមកឈប់ស្តុបត្រង់ចំណុចកេីតហេតុ ស្របពេលនោះក៏មានរថយន្តធុនធំ ម៉ាក DONGFENG ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-5725 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរស្របទិសគ្នា ទិសដៅពីលិចមកកេីត បំណងឆ្លងស្តុបបត់ស្ដាំទៅផ្លូវជាតិលេខ២ តែជ្រុលចង្កូតទៅបុកម៉ូតូ SUZUKI Nek ខាងលេី និងកិនអូសជិត ១០ម៉ែត្រ ។
ក្រោយកេីតហេតុ តៃកុងរថយន្តបង្កបានចុះទៅឡេីងរថយន្តផ្សេងទៀតរហូតទៅដល់ក្នុងការដ្ឋានបូមខ្សាច់មួយកន្លែងជាប់ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ លេី ខណ្ឌមានជ័យ ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីចាត់ការតាមច្បាប់ ។ ដោយឡែករថយន្តនិងម៉ូតូខាងលេី ត្រូវបានសមត្ថកិច្ចជំនាញ ធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា



