ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងឯកឧត្តម ជេត ជាលី ទទួលបដិសណ្ឋារកិច្ចលោកសាស្រ្ដាចារ្យ Yong-Kyu Ahn ប្រធានសាកលវិទ្យាល័យកីឡាជាតិកូរ៉េ
ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡា និងឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានអញ្ជើញទទួលបដិសណ្ឋារកិច្ចលោកសាស្រ្ដាចារ្យ Yong-Kyu Ahn ប្រធានសាកលវិទ្យាល័យកីឡាជាតិកូរ៉េ និងមន្រ្តីអមដំណើរផ្សេងទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោង២៣:៣០នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
ប្រតិភូសាកលវិទ្យាល័យកីឡាជាតិកូរ៉េនឹងចុះអនុស្សរណ:យោគយល់ (MoU) ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទស្សនកិច្ចការហ្វឹកហាត់ប្រភេទកីឡាមួយចំនួន ដោយគ្រោងនឹងធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមវត្តមានឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។
របៀបវារៈសំខាន់ៗនៃកម្មវិធីចុះអនុស្សរណ:យោគយល់គ្នា នាព្រឹកថ្ងៃស្អែកនេះនឹងមានការថ្លែងសន្ទរកថាពីឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ និងលោកសាស្រ្ដាចារ្យ Yong-Kyu Ahn ព្រមទាំងសន្ទរកថាឯកឧត្តម ស សុខា ផងដែរ។
តាមគម្រោងដំណើរបេសកកម្មរបស់លោកសាស្រ្ដាចារ្យ Yong-Kyu Ahn រយៈពេល៤ថ្ងៃ (២១-២៤មីនា) នៅកម្ពុជា ក្រៅចុះអនុស្សរណ:យោគយល់គ្នា លោកសាស្ត្រសាចារ្យនឹងអញ្ជើញទស្សនកិច្ចលើការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជាលើប្រភេទកីឡាមួយចំនួន ដូចជាអត្តពលកម្ម តេក្វាន់ដូ WT យូដូ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងប្រភេទកីឡាគុនដាវ និងប្រដាល់សកល នៅសកលវិទ្យាល័យ-វិទ្យាល័យទៀតផង៕
ចាន់ វិចិត្រ



