ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ជួបថ្នាក់ដឹកនាំកំពូលៗរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ បានជួបជាមួយឯកឧត្តម វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេស ឯកឧត្តម កូ កូ ឡាំង រដ្ឋមន្ត្រីសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានក្រុមការងារ ស្តីពីជំនួយមនុស្សធម៌អាស៊ាន និងឯកឧត្តមឧត្តមសេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រីការិយាល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងកសាងសន្តិភាពផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

ប្រភពដដែលបន្តថា ជំនួបពិភាក្សាជាមួយរវាងប្រេសិតពិសេសរបស់ប្រធានអាស៊ានជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានក្រុមការងារស្តីពីជំនួយមនុស្សធម៌អាស៊ាននិងរដ្ឋមន្ត្រីការិយាល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងកសាងសន្តិភាពបានធ្វើឡើងបន្ទាប់ពីប្រេសិតពិសេសរបស់ប្រធានអាស៊ានបានជួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្តនិងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។
នៅក្នុងជំនួបនេះ ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោងឡាំងបានពិភាក្សានិងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្តនិងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមករាកន្លងទៅ។

គួរបញ្ជាក់ថា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញ ទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២តបតាមការ អញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាគឺមានរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែមីនាតបតាមការអញ្ជើញរបស់ក្រុមប្រធានក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
អញ្ជើញអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមាន ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្ដម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន លោក លី យ៉ាម មីង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌និងការគ្រប់គ្រង គ្រោះមហន្តរាយ (AHACentre)និងមន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួនព្រមទាំងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន និង AHA Centre ផងដែរ។

ដំណើរទស្សនកិច្ចលើកដំបូងនៃប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាមានគោលបំណងដើម្បីបង្កើតលក្ខខណ្ឌ អំណោយផល ដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់, ការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រនិងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាននិងមជ្ឈមណ្ឌលសម្រប សម្រួលអាស៊ានដើម្បីជំនួយមនុស្សធម៌និងការគ្រប់គ្រងគ្រោះមហន្តរាយ,និងលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់/កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។
ដំណើរទស្សនកិច្ចនេះ នឹងផ្អែកលើឯកសារមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន,លទ្ធផលនៃ ដំណើរ ទស្សនកិច្ចការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២, លទ្ធផលនៃកិច្ចពិភាក្សារវាង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តមនាយឧត្តមសេនីយ៍ ជាន់ខ្ពស់ មីង អោង ឡាំង និងលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលថ្មីៗនេះ៕
ដោយ៖ពលជ័យ

