អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ដាស់តឿនដល់ជម្រើសជាតិត្រូវហ្វឹកហាត់ ដោយឆន្ទៈ ដើម្បីបង្កើនសមត្ថភាពដណ្តើមមេដាយ ពីឆាកអន្តរជាតិជូនកម្ពុជា
ឯកឧត្តម កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធ តំណាងឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា នាល្ងាចថ្ងៃទី២១ ខែមិនា ឆ្នាំ២០២២ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិកីឡាវាយសី ដែលកំពុងហ្វឹកហាត់បិទខ្ទប់ ក្នុងជំរុំពហុកីឡដ្ឋានមរតកតេជោ ក្នុងនោះសហព័ន្ធ ក៏បានអញ្ជើញគ្រូបង្វឹកកីឡាវាយសី ជនជាតិកាណាដា លោក Dharshana Fernando ដើម្បីចែករំលែកបទពិសោធន៍ដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនីផងដែរ ។


ឯកឧត្តម កុសល សុវណ្ណវិសាល បានជម្រុញលើកទឹកចិត្តដល់គ្រូបង្វឹក កីឡាករកីឡាការិនីជម្រើសជាតិទាំងអស់ ត្រូវបង្កើនការហ្វឹកហាត់ឲ្យបានខ្លាំងខ្លាបន្ថែមទៀត ដើម្បីបង្កើនគុណវុធឈានទៅប្រជែងដណ្តើមមេដាយជូនកម្ពុជា ពីព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាពេលខាងមុខ។ អនុប្រធានខាងលើ បានគូបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ សហព័ន្ធបានយកចិត្តទុកដាក់ខ្លាំងណាស់ ទាំងការស្នាក់នៅ ហូបចុក ជាពិសេសការបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនី ដើម្បីឈានទៅសម្រេចគោលដៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺការដណ្តើមឲ្យបានមេដាយមាសជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ។


ជាមួយគ្នានោះ ឯកឧត្តម ក៏បានដាស់តឿ ដល់គ្រូបង្វឹក កីឡាករកីឡាការិនី ត្រូវតែមានឆន្ទៈហ្វឹកហាត់ ហ្វឹកហាត់ទាំងចិត្ត បេះដូង និងការព្យាយាម ទើបយើងអាចរីកចំរើនសមត្ថភាពឈានទៅប្រជែងបានជោគជ័យ នៅស៊ីហ្គេម ។ មិនត្រូវគិតថា ប្រទេសគេល្អ ប្រទេសគេខ្លាំងជាងយើងនោះទេ បើមិនមានការហ្វឹកហាត់ ការរីកចំរើនខាងសមត្ថភាពក៏គ្មានដែរ ។ ទន្ទឹមនោះ ឯកឧត្តម កុសល សុវណ្ណវិសាល បានក្រើនរំលឹកដល់កីឡាករ កីឡាការិនីជម្រើសជាតិត្រូវរក្សាវិន័យ និងក្រមសីលធម៌ឲ្យបានល្អ ទើបជម្រុញឲ្យយើងមានទំនាក់ទំនងល្អ និងអភិវឌ្ឍសមត្ថភាពក៏បានល្អដូចគ្នាដែរ ។


ក្នុងឱកាសនោះ ឯកឧត្តម សុខ ប៉ាង សមាជិកសហព័ន្ធ បានឧបត្ថម្ភថវិកា១លានរៀល ដល់គ្រូបង្វឹក និងកីឡាករ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធ ឧបត្តម្ភ ត្រីខមួយកេស មី៥កេស និងក្រុមហ៊ុន Victor ឧបត្ថម្ភសី២៥បំពង់ ។ បន្ទាប់ពីសំណេះសំណាល ឯកឧត្តម កុសល សុវណ្ណវិសាល ក៏បានចុះពិនិត្យមើលទីលានកីឡាវាយសីថ្មី នៅក្នុងពហុកីឡាដ្ឋានមរតកតេជោ សម្រាប់ត្រៀមទទួលធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ផងដែរ ៕ អត្ថបទៈ ជាវ ចន្ធូ











