ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ធ្វើ​សន្និសីទកាសែត​បញ្ជាក់ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​

ភ្នំពេញៈ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា​និង​ជា​រដ្ឋមន្ត្រី ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បានធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី​ដំណើរ​ទស្សន​កិច្ចការងា​រ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ នេះ​។

​រូបថត៖ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ធ្វើ​សន្និសីទកាសែត​បញ្ជាក់ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅ​មី​យ៉ាន់​ម៉ា​ដើម្បី​ពិនិត្យ តាមដាន​និង​ពិនិត្យ​លទ្ធផល នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី​៧-៨ ខែមករា ឆ្នាំ​២០២២ , កិច្ចសន្ទនា​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា , កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តថា ឯកឧត្តម​បាន​ជួប​ជាមួយ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង ឡាំង ដើម្បី​សម្របសម្រួល​ការងារ​ព​ង្រឹ​ង​បទ​ឈប់​បាញ់ ជំនួយ​មនុស្សធម៌ និង​លើកឡើង​អំពី​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី​៧ – ៨ ខែមករា ឆ្នាំ​២០២២​។​

​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​អាណត្តិ​ជា​ប្រេសិត​ពិសេស​គឺ​មិន ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង ហើយ​បាន​ពន្យល់​ពី​ភាព​បន្ទាន់​គឺ​ការបញ្ឈប់​អំពើហិង្សា ជំនួយ​មនុស្សធម៌ និង​ការស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​បរិ​យាប​ន្ន​និង​សង្កត់ធ្ងន់​ទៅលើ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​និង​បានស្វាគមន៍​បទ​ឈប់​បាញ់​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង ឡាំង​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃសាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។​

​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ធ្វើ​សន្និសីទកាសែត​បញ្ជាក់ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​

​ប្រេសិត​ពិសេស​បាន​បន្តថា ទាក់ទង​អំពើហិង្សា​នៅ​មី​យ៉ាន់​ម៉ា​នៅតែ​បន្ត​កើតមាន​គឺ​ស្នើសុំ​ឲ្យ​មានការ​អត់ធ្មត់​ចំពោះ ការប្រើ​កម្លាំងយោធា​ហើយ​បានស្នើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង ឡាំង ស្តីពី​ជំនួយ​មនុស្សធម៌ ប្រកបដោយ​សុវត្ថិភាព មិនមាន​ការរារាំង ការរើសអើង បូក​រួមទាំង​ការចាក់​វ៉ាក់សាំង​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់ថា​កិច្ចសន្ទនា​នយោបាយ​ត្រូវ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ចូលរួម​ផ្សះផ្សា​ជាតិ ហើយ​ប្រេសិត​ពិសេស​ធ្វើជា​ស្ពាន​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​លោក​បាន​រំលឹក​ពី​សំណើ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ពី​ការរៀបចំ​ឲ្យ​មាន​យន្តការ​ត្រ​យ​ការ​ដើម្បី​ចូលរួម​សកម្មភាព​របស់​អាស៊ាន​ក្នុងការ​ចូលរួម អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ ប្រាំ​ចំណុច ជួយ​ឲ្យ​មី​យ៉ាន់​ម៉ា​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា មាន​អ្នកខ្លះ​ថា​ដំណើរ​ទស្សនកិច្ច​ទៅ​មី​យ៉ាន់​ម៉ា​ដើម្បី​ផ្តល់​ភាពស្របច្បាប់ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា គឺជា​ការមិនពិត​ទេ​។ កម្ពុជា​គ្មានអ្វី​ក្រៅពី​ការជួយ​មី​យ៉ាន់​ម៉ា និង​ប្រជាជន​មី​យ៉ាន់​ម៉ា​រួច​ផុតពី សោកនាដកម្ម​តែប៉ុណ្ណោះ​។​

​ឯកឧត្តម​បាន​បន្តថា ចំណែក​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង​ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​បាន​សម្តែង​ការព្រួយបារម្ភ​ពី​ការ​លួច​នាំ​អាវុធ​ចូល​ដែល​នាំ​ឲ្យ​មាន​អំពើហិង្សា​ឥតឈប់ឈរ​។​ឯកឧត្តម​នឹង​បើកផ្លូវ​ឲ្យ​ប្រេសិត​ពិសេស​បាន​ជួប​ជាមួយ​ជាមួយ​តួអង្គ​សំខាន់ៗ និង​ប្តេជ្ញា​គាំទ្រ​ប្រេសិត​ពិសេស​។​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង ឡាំង បាន​បញ្ជាក់ថា “​គ្មានអ្វី​សំខាន់​ជាង​ជីវិត​មនុស្ស​ឡើយ​”​។​

​សូមជម្រាបថា ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ពីថ្ងៃ​ទី ២១​ដល់​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២២​តប​តាម​ការអញ្ជើញ របស់​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។​

​ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​មី​យ៉ាន់​ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង សហប្រតិបត្តិការ​អន្តរជាតិ​និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា​បាន​អញ្ជើញ​ចូលជួប​សវនាការ​ចំពោះ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង​ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព មី​យ៉ាន់​ម៉ា​។ នៅក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរបាន​ពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ការអនុវត្ត​និង​វឌ្ឍនភាព​នៃ​ការ ព្រមព្រៀង​ជា​ឯក​ច្ឆ​ន្ន​ប្រាំ​ចំណុច​របស់​អាស៊ាន ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែមករា ឆ្នាំនេះ​។​

​បន្ទាប់ពី​ជួប​ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង ឡាំង ឧ​ត្ត​ម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​បាន​បន្ត​ជួប​ជាមួយ ឯកឧត្តម វុន​ណា ម៉ោង ល្វី​ន រដ្ឋមន្ត្រីការបរទេស​, ឯកឧត្តម កូ កូ​ឡាំង រដ្ឋមន្ត្រី​សហប្រតិបត្តិការ​អន្តរជាតិ​និង​ជា​ប្រធាន ក្រុមការងារ​ស្តីពី​ជំនួយ​មនុស្សធម៌​អាស៊ាន​និង​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រី​ការិយាល័យ​រដ្ឋាភិបាល​ស​ហ​ព័ន្ធ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាមគ្គីភាព​ជាតិ និង​កសាង​សន្តិភាព​ផងដែរ​៕​ដោយៈ​ពល​ជ័យ​
​

ads banner