ទុយនីស៖ តើ​មាន​រឿង​អ្វី​ កើត​ឡើង​នៅ​ពេល​អំណាច​មូល​ក្ដាប់​តែ​លើ​បុគ្គល​ម្នាក់?​

ប្រធានាធិបតី​ទុយនីស លោក Kais Saied បាន​កាន់​កាប់​អំណាច​ស្ទើរ​តែ​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​ ៨ ខែ​ចុង​​ក្រោយ​​នេះ ដោយ​បាន​បណ្ដេញ​នាយករដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី រំសាយ​និង​លុប​ចោល​អភ័យឯកសិទ្ធ​សភា ចាប់​ខ្លួន​អ្នក​ប្រឆាំង គ្រប់គ្រង​ដោយ​ចេញ​ក្រឹត្យ​ ហើយ​អះអាង​ថា​ជា​ បេសកកម្ម​​​ជួយ​សង្គ្រោះ​ប្រជាជន​ទុយនីស​ពី​ប្រព័ន្ធ​នយោបាយ​ពុករលួយ និង​សេដ្ឋកិច្ច​លិច​លង់​។

ក្នុង​ខែ​កញ្ញា​ឆ្នាំ ២០២១ ​មាន​ការ​តវ៉ា​តាម​ដង​ផ្លូវ​ជា​បន្ត​បន្ទាប់​ ធ្វើ​ឱ្យ​លោក Saied ​ដាក់​ការ​បង្ក្រាប​កាន់តែ​ស៊ី​ជម្រៅ​ ដោយ​ដាក់​​ក្រឹត្យ​ប្រធានាធិបតី​ប្រវែង​ ២៣​ មាត្រា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សេចក្តី​សម្រេច​លេខ ១១៧ ក្នុង​ការ​ព្យួរ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០១៤ ដោយ​មាន​ប្រសិទ្ធភាព​ភ្លាមៗ​ និង​ផ្ដល់​អំណាច​វិសាមញ្ញ​ដល់​គាត់​។

តាម​ទ្រឹស្ដី ប្រធានាធិបតី ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គណៈរដ្ឋមន្ត្រី​មុន​នឹង​អនុម័ត​ក្រឹត្យ​ណា​មួយ​ ប៉ុន្តែ​នៅ​ក្នុង​ការ​អនុវត្ត​ក្រឹត្យ​នេះ​គឺ​គ្មាន​ន័យ​ទេ​ ព្រោះ​គាត់​ជា​អ្នក​ជ្រើស​រើស​គណៈរដ្ឋមន្ត្រី​។ ការ​ពង្រីក​អំណាច​របស់​ប្រធានាធិបតី Saied បាន​រីក​រាល​ដាល​ដល់​ការ​សម្រេច​ចិត្ត​កំណត់​0សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ផងដែ​រ​។

ការវិវឌ្ឍន៍​ទាំង​នេះ​ ធ្វើ​ឱ្យ​មាន​ការ​ពិបាក​ក្នុង​ការ​វាយ​តម្លៃ​ថា​តើ​អនាគត​ប្រទេស​ទុយនីស​ នឹង​កំពុង​ឆ្ពោះ​ទៅ​ណា​ឱ្យ​ប្រាកដ​ ហើយ​ថា​តើ​រដ្ឋធម្មនុញ្ញ​នឹង​ត្រូវ​ផ្លាស់​ប្តូរ​បែប​ណា ច្បាប់​បោះឆ្នោត​នឹង​ទៅ​ជា​យ៉ាង​ណា ​និង​ចុង​ក្រោយ ​តើ​របប​ប្រធានាធិបតី​និយម​បែប​ណា ដែល​ប្រទេស​នេះ​នឹង​ត្រូវ​ប្រឈម​។

ទោះ​យ៉ាង​ណា ទុយនីស​ កំពុង​ឃើញ​ភាព​ចលាចល​នយោបាយ​ចាប់​តាំងពី​វិធានការ​វិសាមញ្ញ​របស់​​ប្រធានាធិបតី​ក្នុង​ការ​ដណ្ដើម​អំណាច​កាល​ពី​ឆ្នាំមុន។។​

នៅ​ដើម​ឆ្នាំ ​២០២២ លោក​បាន​ប្រកាស​ធ្វើ​ប្រជាមតិ​ជាតិ ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​ កក្កដា សម្រាប់​ការ​នាំ​យក​នូវ​រដ្ឋធម្មនុញ្ញ​ថ្មី។ លោក​ក៏​បាន​ប្រកាស​ថា ការ​បោះ​ឆ្នោត​ទូទៅ​នឹង​​ត្រូវ​ធ្វើ​ឡើង​តាម​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​​ចុង​ខែ​ធ្នូ។ ទង្វើ​បែប​នេះ​ត្រូវ​បាន​គណបក្ស​នយោបាយ​ប្រឆាំង ​និង​ក្រុម​សង្គម​ស៊ីវិល​​ជំទាស់​យ៉ាង​ខ្លាំង។

កាល​​ពី​ចុង​សប្តាហ៍​​មុន ការ​តវ៉ា​ទាមទារ​ឱ្យ​​លោក​ប្រធានាធិបតី Saied ចុះ​ចេញ​ពី​តំណែង​ ត្រូវ​​បាន​ធ្វើ​ឡើង​​នៅ​ក្នុង​រដ្ឋ​ធានី​ទុយនីស។ ក្រុម​អ្នក​តវ៉ា ក៏​បាន​ច្រានចោល​ការ​ស្ទង​មតិ​​តាម​អ៊ីនធឺណិត ដែល​ផ្ដួចផ្ដើម​ ដោយ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​បច្ចុប្បន្ន​​ ផង​ដែរ​។

កាល​ពី​ថ្ងៃ​សៅរ៍ ទី ១៩​ ខែ​មិនា គណបក្ស​ប្រឆាំង​ឆ្វេង​និយម​ដ៏​ធំ​មួយ​គឺ គណបក្ស​កម្មករ​នៃ​ទុយនីស​ បាន​រៀប​ចំ​ការ​ជួប​ជុំ​មួយ​នៅ​ផ្លូវ Habib Bourguiba នៅ​កណ្ដាល​ក្រុង​ទុយនីស ដើម្បី​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​អភិបាល​ក្រុង​ក្នុង​ការ​ហាមឃាត់​សកម្មភាព​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ។​ ​ពួកគេ​ក៏​បាន​ថ្កោលទោស​ទង្វើ​របស់​លោក​ប្រធានាធិបតី Saied ក្នុង​ការ​បង្រួប​បង្រួម​អំណាច​ផ្ដាច់​ការ និង​ការ​គ្រប់គ្រ​ង​លក្ខណៈ​បុគ្គល​។

កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២០ ខែ​មិនា មនុស្ស​ជាង ២ ពាន់​នាក់ បាន​ដើរ​ដង្ហែ​នៅ​ជិត​អគារ​សភា​ទុយនីស​។ ពួកគេ​បាន​លើក​ពាក្យ​ស្លោ​ក​​ដូចជា «​ប្រជាជន​ចង់​ទម្លាក់​រដ្ឋ​ប្រហារ​» «​ទម្លាក់​រដ្ឋប្រហារ​!» «​គ្មាន​ការ​ពិគ្រោះ​​យោបល់​» និង​«​ប្រជាជន​ចង់​ទម្លាក់​ប្រធានាធិបតី​» ជាដើម​​​។

ប្រជាជន​មក​ពី​គ្រប់​មជ្ឈដ្ឋាន បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​ដែល​ត្រូវ​បាន​រៀប​ចំ រួមគ្នា ដោយ​គណបក្ស Ennahda ដែល​ជា​គណបក្ស​ដ៏​ធំ​បំផុត​នៅ​ក្នុង​សភា និង​ក្រុម​ប្រជាពលរដ្ឋ​ប្រឆាំង​​នឹង​ការ​ដណ្ដើម​អំណាច​របស់​លោក​ប្រធានាធិបតី​ Saied។

វិធានការ​របស់​លោ​ក​​ប្រធានាធិបតី​ ​ត្រូវ​បាន​ក្រុម​ប្រឆាំង​​ក៏​​ដូច​ជា​សង្គម​ស៊ីវិល និង​ក្រុម​សិទ្ធិ​មនុស្ស​បរិហារ​ថា​ជា «អ​រដ្ឋធម្មនុញ្ញ​ភាព» និង «ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ»។ អ្នក​អត្ថាធិប្បាយ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​​ហានិភ័យ ដែល​ទុយនីស​នឹង​វិល​ត្រលប់​ទៅ​សម័យ​នៃ​ការ​គ្រប់គ្រង​ដោយ​បុគ្គល​ផ្តាច់​ការ ដូចជា​នៅ​ក្រោម​អតីត​ប្រធានាធិបតី Zine El Abidine Ben Ali ដែល​ត្រូវ​បាន​ទម្លាក់ បន្ទាប់​ពី​បដិវត្ត​ទុយនីស​ឆ្នាំ ២០១១។ ការ​តវ៉ា​ដែល​​បាន​ធ្វើ​ឡើង​កាល​ពី​​ថ្ងៃ ​អាទិត្យ ​ក៏​នឹង​ថ្ងៃ​អបអរសាទរ​រលឹក​​ខួប​​លើក​ទី ​៦៦ ​នៃ​​ថ្ងៃ​ឯករាជ្យ​របស់​ទុយនីស​ផង​ដែរ​។​

ការ​ស្ទង់​មតិ​ពិគ្រោះ​យោបល់​តាម​អ៊ីនធឺណិត​ បាន​បង្ហាញ​ថា ​មាន​តែ​មនុស្ស ៥០៨ ពាន់​នាក់​ ក្នុង​ចំណោម​ប្រជាជន​ ​១២ លាន​នាក់​ ប៉ុណ្ណោះ​ ដែល​នឹង​ចូល​រួម​បោះ​ឆ្នោត​។ ការ​ទាមទារ ត្រូវ​បាន​ធ្វើ​​​ឡើង ដើម្បី​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​សភា​ភ្លាមៗ ហើយ​ត្រលប់​ទៅ​ការ​គ្រប់​​គ្រង​តាម​បែប​ប្រជាធិបតេយ្យ និង​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ប្រទេស​វិញ​​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ទុយនីស បាន​រង​ទុក្ខ​វេទនា​ជា​ច្រើន​ឆ្នាំ​នៃ​ការ​គ្រប់គ្រង​ផ្ដាច់​ការ ការ​ប៉ះទង្គិច​ផ្នែក​នយោបាយ​ ហើយ​ឥឡូវ​នេះ​វិបត្តិ​កូវីដ​-១៩។ ភាព​អត់​ការងារ​ធ្វើ និង​ភាព​ក្រី​ក្រ​កំពុង​កើន​ឡើង រួម​ជាមួយ​នឹង​កង្វះ​ខាត​យ៉ាង​ទូលំ​ទូលាយ​នៃ​អាហារ​សំខាន់​ៗ និង​ទំនិញ​ផ្សេង​ៗ​ទៀត​។

រដ្ឋាភិបាល​បន្ត​បន្ទាប់​គ្នា​ក្នុង​ប្រទេស បាន​ព្យាយាម​ចរចា​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ម្ចាស់​ជំនួយ​សម្រាប់​កញ្ចប់​សង្គ្រោះ​ហិរញ្ញវត្ថុ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ និង​លើក​កម្ពស់​​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ទុយនីស​៕

ប្រភព៖​ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner