ជនសង្ស័យ៣នាក់ជាមួយថ្នាំញៀនជាង៥គីឡូក្រាមត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននៅរាជធានីភ្នំពេញ
កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃ១១វិច្ឆិកា បានសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ដានដានអ៊ិចប្រេសបើស ដឹកនាំសម្របសម្រួលពី លោក ស៊ិត វណ្ណៈ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានត្រួតពិនិត្យកញ្ចប់ បញ្ញើមួយមានភាពមិនប្រកតី ដែលផ្ញើពីរាជធានីភ្នំពេញទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម តាមរយៈ ក្រុមហ៊ុនដានដាន ស្ថិតនៅផ្ទះលេខ២៨៥ ផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ជាលទ្ធផលសមត្ថកិច្ចបាន រកឃើញសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន ៦កញ្ចប់ធំ ស្មើនឹងទម្ងន់ ៥ពាន់៨៩៥ក្រាម៨២មីលីក្រាម ដែលបានដាក់បង្កប់ក្នុងធុងបាស់ធំមួយគ្រឿង។ បន្ទប់មកសមត្ថកិជំនាញ បានបន្តការស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ ដោយកំណត់បាន មុខសញ្ញាពាក់ព័ន្ធមួយចំនួន រួចឈានទៅចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលមានឈ្មោះប៉ុក ស្រីល័ក្ខ ភេទស្រី ជនជាតិខ្មែរ មុខរបរលក់ដូរ កាន់ លិខិតឆ្លងដែនលេខ N01710555 ជាអ្នកដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ទី២ ឈ្មោះ យុន ស្រីនូ ភេទស្រី ជនជាតិខ្មែរ មុខរបរលក់ដូរ កាន់លិខិត ឆ្លងដែនលេខ N01710517 ជាអ្នកដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន និងទី៣ ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ភេទប្រុស ជនជាតិ នីហ្សេរី មុខរបរកីឡាករទាត់បាល់ កាន់លិខិតឆ្លងដែនលេខ A09524100 ជាមេក្លោងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន។ នៅរសៀលថ្ងៃ១១វិច្ឆិកា សមត្ថកិច្ចយើងបន្តឆេកឆែរផ្ទះជួលរបស់ ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ផ្ទះលេខ A13 ផ្លូវ45BT ក្រុម២ ភូមិសន្សំ កុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយវត្ថុចាប់យករួមមាន កញ្ឆាក្រៀម ៩ក្រាម, ជញ្ជីងថ្លឹង ១គ្រឿង, និងសម្ភារៈមួយចំនួនទៀត។ សរុបវត្ថុតាងគ្រឿងញៀនចាប់យកមាន មេតំហ្វេតាមីន(ICE) ៥ពាន់៨៩៥ក្រាម៨២មីលីក្រាម និង កញ្ឆា ៩ក្រាម ៕