ការគ្រប់គ្រងសំរាមក្នុងពិធីបុណ្យអុំទូកឆ្នាំនេះបានល្អប្រសើរផ្តើមចេញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ និងមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ សហការណ៍គ្នាបានល្អ
ការគ្រប់គ្រងសំរាមក្នុងពិធីបុណ្យអុំទូកឆ្នាំនេះបានល្អប្រសើរផ្តើមចេញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ និងមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធធ្វើឲ្យការគ្រប់គ្រងសំរាម និងបរិស្ថានក្នុងឪកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកឆ្នាំ២០១៩នេះទទួលបានលទ្ធផលល្អប្រសើរសំរាប់រយៈពេល៣ថ្ងៃនៃពិធីបុណ្យនេះ។
ក្នុងឪកាសប្រារព្ធពិធីអបអរសាទរ ទិវាអនាម័យ និងបរិស្ថានជាតិ២៣វិច្ឆិកាថ្ងៃទី១៣វិច្ឆិកានេះ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានវាយតំលៃថាៈ បុណ្យអុំទូកឆ្នាំនេះយើងគ្រប់គ្រងសំរាម និងសំណល់ផ្សេងៗបានល្អដោយសារមានការចូលរួម និងការយល់ដឹងពីប្រជាពលរដ្ឋក៏ដូចជាការចូលរួមពីផ្នែកពាក់ព័ន្ធ ក្នុងនោះមានយុវជនស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរដែនដី និងមានការឃោសនាផ្សព្វផ្សាយជាប្រចាំរបស់រដ្ឋបាលរាជធានីភ្នំពេញដើម្បីបង្កើនការយល់ដឹងពីផលប៉ះពាល់បរិស្ថាន និងសោភណ្ឌភាពទីក្រុងដោយសារសំរាម។
ជាមួយគ្នានេះ ដោយសារតែការខិតខំប្រឹងប្រែងរបស់អាជ្ញាធររាជធានីភ្នំ ពេញ មានការរៀបចំផែនការច្បាស់លាស់លើការកែលំអរសោភណ្ឌភាពទីក្រុង ហេដ្ឋារចនាសម្ព័ន្ធជាពិសេសការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកដ៏ច្រើនកុះករនៅមុខព្រះបរមរាជវាំង និងដើរលេងកំសាន្តតាមរមណីដ្ឋាននានាបានសប្បាយរីករាយដោយមិនមានការព្រួយបារម្មណ៍ និងរីករាយក្នុងសុខ សន្តិភាព។
ឯកឧត្តម ហួត ហៃ ថ្លែងថាៈ ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភណ្ឌភាពទីក្រុង និងសុខភាពសាធារណៈ យើងចាំបាច់ត្រូវយកចិត្តទុកដាក់លើក កំពស់គ្រប់គ្រងសំណល់រឹងសំរាមឲ្យបានត្រឹមត្រូវដោយត្រូវចេះវេចខ្ចប់ និងញែក
សំរាមទៅតាមប្រភេទដូចជាសំណល់អាចកែឆ្នៃបាន សំណល់សរីរាង្គ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗដើម្បីប្រែក្លាយសំណល់មួយចំនួនឲ្យ មានតំលៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណកាកសំណល់នៅតាមទីលានចាក់សំរាម។
ទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា មានគោលបំណងចលនាឲ្យប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និសិ្សតគ្រប់ភូមិសិក្សាឪ្យចូលរួមធ្វើអនាម័យកែលំអរសោភណ្ឌភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារសំដៅរួមចំណែកកសាងសង្គមកម្ពុជាឲ្យមានបរិស្ថានល្អស្អាត និងមានភាព ស្រស់បំព្រង។ការធ្វើអនាម័យនេះត្រូវបានបែងចែកជា៩គោលដៅដើររើសសំរាមតាមដងផ្លូវ តាមសួនច្បារទីសាធារណៈដើម្បីបំផុសស្មារតីប្រជាពលរដ្ឋឲ្យ ចូលរួមលើកកំពស់សោភណ្ឌភាព អនាម័យបរិស្ថានទីក្រុងឲ្យកាន់តែប្រសើរឡើង៕ធ.ដ