អាហារដ្ឋានជប៉ុនលំដាប់លេខ៣ នៅទីក្រុងតូក្យូ បើកសម្ពោធជាផ្លូវការនៅកម្ពុជា ស្របពេល ប្រជាជនខ្មែរកំពុងនិយមចូលចិត្តពិសារអាហារបែបបរទេស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កាន់តំណែងជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលជាច្រើនឆ្នាំ គេកម្រឃើញឯកឧត្តម អង្គវង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បង្ហាញខ្លួនក្នុងពិធីសម្ពោធហាងអាហារដ្ឋានណាស់ ដោយអាជីវកម្មជាប្រភេទហាងសាមញ្ញ គឺរឹតតែកម្រទៅទៀត ។

អ៊ីចឹងហើយទើបវត្តមានធ្វើជាគណៈអធិបតីរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះ នៅហាងលក់ម្ហូបជប៉ុនឈ្មោះ Hikaru បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លំាង ជាពិសេសក្រុមអ្នកដំណើរ។ នៅក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដោយអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា និង មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលជាច្រើនទៀតផងដែរ ។

ឯកឧត្តម អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ឯកឧត្តមបង្ហាញខ្លួននៅក្នុងពិធីសម្ពោធហាងស្ថិតនៅផ្ទះលេខ 240 ផ្លូវ 322 ខាងក្រោយហាងសំលៀកបំពាក់ ហ្សាដូ ជិតអគ្គនាយកដ្ឋានវិទ្យុ និង ទូរទស្សន៍អប្សរានេះ គឺជាលើកទី១ហើយ ដែលឯកឧត្តមត្រូវបានអញ្ជើញឲ្យធ្វើជាភ្ញៀវកិត្តិយស ក្នុងពិធីបើកសម្ពោធហាងលក់ម្ហូបច្នៃពីសាច់គោដ៏ល្បីរបស់ជប៉ុន ។

ហេតុផលដែលឯកឧត្តមទទួលសំណើរក្នុងពិធីនេះ គឺដោយសារតែឯកឧត្តមក៏មានចំណូលចិត្តលើហាងសាច់គោប្រទេសជប៉ុន ក្នុងនោះហេតុផលចង់ភ្លក់សាច់គោដ៏ល្បីរបស់ជប៉ុន ដែលយកមកលក់ជាផ្លូវការក្នុងហាង Hikaru ក៏ជំរុញអោយឯកឧត្តមត្រូវតែមកផងដែរ ។ ឯកឧត្តមបន្តថា គឺជារឿងប្រសើរណាស់ ដែលអ្នកជំនួញជប៉ុនប្រកាសបើកអាហារដ្ឋាននៅកម្ពុជា ដើម្បីឲ្យពលរដ្ឋខ្មែរដែលចង់ទទួលទានសាច់គោពូជរបស់ជប៉ុន ដែលអ្នកណាក៏ជាប់ចិត្តនោះ មិនចាំបាច់ធ្វើដំណើរទទួលទានដល់ជប៉ុននោះទេ ។

តំណាងភោជនីយដ្ឋានជប៉ុន Hikaru បានបញ្ជាក់ថា មុខម្ហូបនៅក្នុងហាងនេះ គឺសាច់គោល្បីល្បាញប្រចាំប្រទេសជប៉ុន ដោយនៅជប៉ុនហាង Hikaru នៅក្នុងទីក្រុងតូក្យូ ទទួលបានចំណាត់ថ្នាក់លេខ៣ លើផ្នែកមុខរបប ។  ក្នុងហាង Hikaru នេះ ក៏នឹងផ្គត់ផ្គង់អាហារជប៉ុនផ្សេងទៀតដែលទើបបើកក្ដៅៗនៅកម្ពុជាផងដែរ ។ អ្នកតំណាងរូបនេះបានបន្ថែមទៀតថា ក្នុងពេលដ៏ដីខ្លី ហាង Hikaru មានគម្រោងនឹងបើកសម្ពោធសាខាបន្តបន្ទាប់ទៀតនៅតំបន់ផ្សេងទៀតនៅភ្នំពេញ និង នៅតាមបណ្ដាខេត្តផងដែរ ដើម្បីពង្រីកយីហោរបស់ខ្លួន ក៏ដូចជាលើកកម្ពស់ការប្រកបអាជីវកម្មនៅកម្ពុជា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner