អភិបាលខណ្ឌឫស្សីកែវ ថ្លែងអំណរគុណថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រោយការពារក្នុងពិធីបុណ្យអុំទូក៣ថ្ងៃបញ្ចប់ដោយសុខសុវត្ថិភាព

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នូវទូទាំងខណ្ឌឫស្សីកែវ ទាំងអស់ ដែលបានយកចិត្តទុកដាក់ការពាររក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អប្រសើរ ជូនបង-ប្អូនប្រជាពលរដ្ឋ បន្ទាប់ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង។

លោក ជា ពិសី បញ្ជាក់ថា «ក្នុងនាមគណៈបញ្ជាការឯកភាព ខណ្ឌ ខ្ញុំសូមអរគុណដល់ គណៈអភិបាលខណ្ឌ ក្រុមប្រឹក្សាខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ មន្ត្រីរាជការ បុគ្គលិកសាលាខណ្ឌ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ កម្លាំងនៃបញ្ជាការកងរាជអាវុធហត្ថខណ្ឌ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ គណៈបញ្ជាការឯកភាពទាំង ០៧សង្កាត់ រួមទាំង ស្ថាប័នជំនាញពាក់ព័ន្ធនានា ដែលបានខិតខំការពារសន្តិសុខ សុវត្ថិភាព ចរាចរណ៍ និងសណ្ដាប់ធ្នាប់របៀបរាបរយតាមដងផ្លូវ និងក្នុងមូលដ្ឋាន បានយ៉ាងល្អប្រសើរណាស់ ជាពិសេស គោលដៅដែលជាចំណុចប្រចាំការទាំង៣ រួមទាំងគោលដៅទប់ស្កាត់កំផ្លោក បានអនុវត្តភារកិច្ចប្រកបដោយ ភាពម៉ឺងម៉ាត់ និងទទួលបានលទ្ធផលដ៏គាប់ប្រសើរ ស្របពេលដែលប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានចូលរួមសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ប្រកបដោយសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជាទីបំផុត»។

បន្ថែមពីនេះ លោក ជា ពិសី សូមជូនពរលោក-លោកស្រី នៃក្រុមការងារទាំងអស់ ជាពិសេស បងប្អូនប្រជាពលរដ្ឋ នៅទូទាំងខណ្ឌ សូមជួបប្រទះតែពុទ្ធពរទាំង ០៥ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ក្រៅពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នូវទូទាំងខណ្ឌ បន្ទាប់ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ប្រកបដោយសន្តិសុខ សុវត្ថិភាព និងបង្កបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង៕ធ.ដ

ដោយ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner