ស្តងលក់ទំនិញ និងផលិតផលជាច្រើនប្រភេទ បានដាក់លក់ជូនដល់ប្រជាពលរដ្ឋ និងអតិថិជន ដែលមកលេងកម្សាន្ត នៅក្នុងឱកាស ព្រះរាជពិធីបុណ្យ អំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ

អត្ថបទដោយ៖
Kien Sereyvuth

នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យ អំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលមានរយះពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃ ១៤កើត ដល់ថ្ងៃ១រោច ខែកត្តិក ត្រូវនិងថ្ងៃ ទី១០ – ១១ -១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ នៅរាជធានីភ្នំពេញជាបេះដូង សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគយ៉ាងសំខាន់ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីនេះយ៉ាឱឡារឹក អធិកអធម្ម នៅទន្លេចត្តុមុខ ទល់មុខព្រះបរមរាជវាំង ។ រហូតមកដល់ល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី បាននិងកំពុងនាំគ្នាដើរលេងកម្សាន្ដយ៉ាងសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលត្រូវនឹងថ្ងៃទី២។ ប្រជាពលរដ្ឋម្នាក់ៗ បានបង្ហាញនូវទឹកមុខសប្បាយរីករាយ បន្ទាប់ពីពួកគាត់បានដើរលេងសប្បាយ ដោយគ្មានការភ័យខ្លាចអ្វីទាំងអស់។ គេសង្កេតឃើញមាន ស្តង់លក់ទំនិញតូចធំ ជាច្រើន បានចូលរួមដាក់តាំងបង្ហាញជូនដល់ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកអ្នកទស្សនា លេងកម្សាន្ត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យនេះ ។

កម្ពុជា ជាង ២០ ឆ្នាំចុងក្រោយនេះ បានរក្សានូវកំណើនសេដ្ឋកិច្ចយ៉ាងល្អប្រសើរ ជាមួយនិងសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើអោយរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រមាណជា ៧ ភាគរយ ជាប់ៗគ្នា ជារៀងរាល់ឆ្នាំ ជាបន្តបន្ទាប់។ ក្រោមគោលនយោបាយ ក៏ដូចជាយុត្តិសាស្រ្តដឹកនាំ របស់រាជរដ្ឋាភិបាល កម្ពុជានមានគោលដៅយ៉ាងច្បាស់លាស់គឺនៅឆ្នាំ២០៣០ ខាងមុខនេះ និងធ្វើការប្តេជ្ញាចិត្តអោយក្លាយជាប្រទេសមានការអភិវឌ្ឍន៍មានចំណូលកម្រិតមធ្យម និងជាប្រទេសអភិវឌ្ឍន៍មានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០នេះ។
បើយោងតាម គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ឯកឧត្តម ប៊ុន វាស្នារ ជំនួយការអមគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការស្រាវជ្រាវវិជ្ជាហោរាសាស្រ្ត ប្រពៃណីទំនៀមទម្លាប់ខ្មែរ  បានបញ្ចាក់ឱ្យដឹងថា នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យ អំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលមានរយះពេល ៣ថ្ងៃ នេះ មានទូកចូលរួមសរុប ២៩៧ទូក មកពីបណ្តាលរាជធានី ខេត្ត។ទូកអុំបុរសមាន ១៦៧ទូក អូកអុំនារី មាន ១ទូក ។ទូកចែវបុរសមាន ៣០ទូក ទូកចែវនារីមាន ២ទូក។ ទូកខ្នាតអន្តរជាតិបុរស ៩៥ទូក ទូកខ្នាតអន្តរជាតិនារី ២ទូក ដែលមានអ្នកកីឡាករ កីឡាការិនី សរុប ១៩.២១៤នាក់។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវបានអតីតព្រះមហាក្សត្រ ខ្មែរគ្រប់ជំនាន់ បន្តរហូតដល់រជ្ជកាល ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គគោរពបូជា និងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងព្រះរាជសទ្ធាដ៏ជ្រះថ្លា ដើម្បីថែរក្សា និងលើកតម្កើងព្រះរាជពិធីបុណ្យប្រពៃណីរបស់ជាតិយើងទាំងមូល និងនាំមកនូវសិរីសួស្តីជ័យមង្គល ដល់របរកសិកម្ម ស្រែ ចំការ របស់ប្រជាកសិករកម្ពុជា ជាបងប្អូន កូនចៅ របស់ព្រះអង្គឲ្យសម្រេចទទួលបានទិន្នផលខ្ពស់ ក្នុងឆ្នាំក្រោយបន្តទៀត។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកក្នុងឆ្នាំនេះ បានប្រព្រឹត្តទៅដោយមានកិច្ចដំណើរការយ៉ាងល្អត្រចះត្រចង់ ក្រោមព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតធ្វើឲ្យជនរួមជាតិយើងគ្រប់ស្រទាប់ មានសេចក្តីសោមនស្សរីករាយ ដោយឥតឧបមា។
ពិសេសទៅទៀត ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកក្នុងឆ្នាំនេះ បានប្រព្រឹត្តទៅបន្ទាប់ពីព្រះរាជពិធីបុណ្យដ៏ឧត្តុងឧត្តម និងជាប្រវត្តិសាស្ត្ររបស់ជាតិ ចំនួន៣ គឺព្រះរាជពិធីបុណ្យយាងគ្រងព្រះបរមសិរីរាជសម្បត្តិ គំរប់ខួប១៥ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជពិធីបុណ្យខួបប្រសូត ដ៏មហាមង្គលថ្លៃថ្លា នៃអង្គព្រះករុណាព្រះបាទសម្តេចព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត និងទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ខួបអនុស្សាវរីយ៍លើកទី៦៦ ធ្វើឲ្យប្រជាជាតិកម្ពុជា ជាកូនចៅ ចៅទួត ចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបានចំពោះ ព្រះរាជគុណូបក្ការៈដ៏ធំធេងមិនអាចគណនាបានរបស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះវររាជ
មាតាជាតិខ្មែរ និងព្រះករុណា ព្រះមហាក្សត្រប្រោសព្រះរាជទានដល់ជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា តាំងពីអតីតកាល ជាពិសេសចាប់តាំងពីក្នុងសម័យសង្គមរាស្ត្រនិយម ដ៏រុងរឿងបន្តរហូតមកដល់សម័យបច្ចុប្បន្ន។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner