អភិបាលខេត្តកំពតបានបន្តចុះជំរុញណែនាំដល់មន្ត្រីនៃមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ ក្រុង សង្កាត់ពីបញ្ហាសណ្ដាប់ធ្នាប់ សោភ័ណភាព និងអនាម័យតាមដងផ្លូវក្នុងក្រុងកំពត

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីធ្វើឲ្យភាពប្រសើរឡើងធានាបាននូវរបៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈក៏ដូចជា សោភ័ណភាព និងអនាម័យបរិស្ថានតាមដងផ្លូវ និងសួនសាធារណៈព្រមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងកំពត ក្នុងគោលដៅឆ្ពោះទៅកាន់ការធានាឱ្យបាននូវភាពទាក់ទាញភ្ញៀវទេសចរណ៍ព្រមទាំងសុខមាលភាពសាធារណៈ ពិសេសទៅទៀតនោះសម្រាប់ត្រៀមលក្ខណៈរៀបចំខ្លួនដើម្បីបម្រើដល់សកម្មភាពនូវព្រឹត្តិការណ៍ពិធីបុណ្យសមុទ្ទ នៅចុងឆ្នាំ២០១៩រួមនឹងព្រឹត្តិការណ៍ទេសចរណ៍ធំៗប្រចាំឆ្នាំមួយចំនួនទៀតឲ្យប្រកបដោយភាពជោគជ័យផងនោះ ។ 

នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៩ ឯកឧត្ដមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានដឹកនាំមន្ត្រីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង និងសង្កាត់ ដើម្បីចុះពិនិត្យលទ្ធផលនៃការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាមួយចំនួនបម្រើឱ្យដល់ព្រឹត្តិការណ៍បុណ្យសមុទ្រនិងក៏បានបន្តចុះ ធ្វើដំណើរតាមរថយន្តដើម្បីត្រួតពិនិត្យតាមដងផ្លូវក្នុងសង្កាត់នីមួយៗនៃក្រុងកំពត អំពីលទ្ធផលនិងបញ្ហាប្រឈមសេសសល់មួយចំនួនក្រោយពីឯកឧត្តមអភិបាលខេត្តបានណែនាំជំរុញដាក់វិធានការណ៍ឱ្យអនុវត្តជាច្រើនលើកកន្លងមក។
ជាលទ្ធផលនៃការចុះពិនិត្យនៅតាមដងផ្លូវនិងសួនសាធារណៈសំខាន់ៗក្នុងសង្កាត់នីមួយៗនៃក្រុងកំពត សង្កេតឃើញថានៅពុំទាន់មានលក្ខណៈល្អប្រសើរនៅឡើយ ទាំងប្រព័ន្ធលូបង្ហូរទឹកទាំងប្រព័ន្ធផ្លូវថ្នល់ ក្នុងនោះចិញ្ចើមផ្លូវនិងចំណីផ្លូវនៅមានដី និងមានព្រៃព្រមទាំងស្មៅដុះ មានទឹកដក់ដោយដុំៗនិងមានការសាងសង់រំលោភចំណីផ្លូវ ពីសំណាក់ប្រជាពលរដ្ឋ ចំណែកឯបញ្ហាសំរាម និងការដ្ឋានសំណង់មានដាក់រាយនៅតាមចិញ្ចឹមផ្លូវដោយពុំមានការគ្រប់គ្រងបានល្អនៅឡើយ  រីឯគំរបលូក៏នៅតែមិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយដែរនៅតាមផ្លូវក្នុងសង្កាត់នីមួយៗ។

ដោយពិនិត្យឃើញនូវលទ្ធផលនឹងស្ថានភាពបែបនេះ  ស្ថិតក្នុងជំហរអ្នកដឹកនាំក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ឯកឧត្ដមជាវ តាយអភិបាល ខេត្ត បានបញ្ជាក់ថា៖ ពេលវេលានៃការរៀបចំនូវព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រលើកទី ៨ជុំទី២ដែលខេត្តកំពតត្រូវបានត្រៀមធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០១៩ នេះកាន់តែខិតចូលមកដល់ បើគិតមកដល់ត្រឹមថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៩ នេះពេលវេលាមានត្រឹមតែរយៈពេលប្រមាណ៤០ថ្ងៃទៀតប៉ុណ្ណោះ។

ឯកឧត្ដមជាវ តាយអភិបាលខេត្ត ក៏បានណែនាំដល់ចៅសង្កាត់ និងអភិបាលក្រុង រួមនឹងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ត្រូវតែបង្កើនស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ អំពីតួនាទីភារកិច្ចរបស់ខ្លួនតាមមុខសញ្ញាបន្ថែមទៀត ។ ពិសេសអាជ្ញាធរក្រុងសង្កាត់ទាំងប្រាំត្រូវតែបង្កើនការយកចិត្តទុកដាក់សហការគ្នាដោយទទួលខុសត្រូវឱ្យបានសស្រាក់សស្រាំទាំងអស់គ្នាបន្ថែមទៀត លើការងារកែលម្អសោភណ្ឌភាពរបៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈនិងអនាម័យបរិស្ថានក្រុង ហើយការងារដែលត្រូវយកចិត្តទុកដាក់សំខាន់ថែមទៀតដែរនោះគឺអាជ្ញាធរក្រុងសង្កាត់ក៏ត្រូវយកចិត្តទុកដាក់ក្នុងចលនាបំផុសស្មារតី ដោយផ្សព្វផ្សាយប្រកាសតាមរយៈមធ្យោបាយផ្សេងៗដល់មហាជនប្រជាជនក៏ដូចសាធារណៈជនទូទៅឱ្យបានយល់ជ្រាបដឹង និងដើម្បីចូលរួមអនុវត្តនិងលើកកម្ពស់ទាំងអស់គ្នាពីបញ្ហាសោភ័ណភាពរបៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថានក្នុងក្រុងកំពតឲ្យបានកាន់តែល្អប្រសើរឡើង។

ព្រោះថាការងារជោគជ័យទៅបានល្អត្រូវតែមានការចូលរួមអោយបានព្រមគ្នាមិនថាឡើយថ្នាក់ដឹកនាំមន្ត្រីរាជការឬប្រជាពលរដ្ឋឡើយ ទើបការងារទាំងអស់នោះទទួលបានលទ្ធផលជោគជ័យល្អប្រសើរ។សូមជម្រាបបញ្ជាក់ដែរថាៈ ខេត្តកំពតនឹងត្រូវទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តការណ៍បុណ្យសមុទ្រលើកទី៨ជុំទី ២រយៈពេលបីថ្ងៃគែពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩ ខាងមុខនេះ។ ដូច្នេះ ទាំងថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តពិសេសរដ្ឋបាលខេត្ត​និងក្រុងកំពត​តែងតែបានគិតគូរយកចិត្តទុកដាក់ជាប្រចាំពីបញ្ហាពាក់ព័ន្ធលើរបៀបរៀបរយសណ្ដាប់សាធារណៈសោភ័ណភាព​និងអនាម័យបរិស្ថានក្រុងដើម្បីអោយការប្រព្រឹត្តទៅទទួលបានលទ្ធផលជោគជ័យល្អប្រសើរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner