ប្រជាពលរដ្ឋមានការយល់ដឹងពីការទុកដាក់សំរាមកាន់តែច្រើនឡើងនៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ

ប្រជាពលរដ្ឋដែលមកដើរកម្សាន្ត និងចូលរួមសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយដងទន្លេសាប មុខព្រះបរមរាជវាំង នារាជធានីភ្នំពេញ មានការចូលរួមលើការសំអាតអនាម័យបរិស្ថានបានល្អនៅក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យប្រពៃណីជាតិឆ្នាំនេះ។

លោក ហូ ឆៃងន់ ប្រធានគម្រោងក្រៀលកម្ពុជា បានលើកឡើងថា  ក្រុមយុវជនប្រមាណ១ពាន់នាក់មកពីគម្រោងក្រៀលកម្ពុជាបានស្ម័គ្រចិត្តចូលរួមសម្អាតអនាម័យក្នុងបរិវេណដែលប្រារព្ធពិធីបុណ្យ ដើម្បីចូលរួមថែរក្សាបរិស្ថានស្អាត ទីលានបៃតង និងផ្តល់នូវផាសុកភាពជូនដល់ប្រជាពលរដ្ឋ និងជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរផងដែរ។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ពង្រាយធុងសំរាមចំនួន១.៥៥៦ធុង ចាប់តាំងតែពីតំបន់វត្តភ្នំ រហូតដល់មុខវិមានឯករាជ្យ,តំបន់កោះពេជ្រ និងសូម្បីតែតំបន់មុខព្រះបរមវាំងត្រើយខាងកើត ដើម្បីចូលរួមពង្រឹងការសំអាតអនាម័យបរិស្ថាន ជាមួយប្រជាពលរដ្ឋដែលចូលមកកម្សាន្តក្នុងពិធីបុណ្យអុំទូកទុកដាក់សំរាមបានត្រឹមត្រូវ ចៀសវាងចោលពាសវាលកាល។

ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ បានត្រៀមកម្លាំងប្រមូលសំរាមចំនួនជាង៩០០នាក់ និងក្រៅពីនេះនៅមានយុវជនស្ម័គ្រចិត្តរាប់ពាន់នាក់ផ្សេងទៀត បានចូលរួមចូលរួមសំអាតអនាម័យបរិស្ថាន និងអប់រំផ្សព្វផ្សាយលើការទុកដាក់សំរាមឱ្យបានត្រឹមត្រូវសម្រាប់ឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បន្ទាប់ពីអាជ្ញាធរព្យាករណ៍ថា នឹងមានប្រជាពលរដ្ឋចូលរួមកម្សាន្ត និងសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩ កើនឡើងរហូតដល់ជាង៦លាននាក់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner